​បពិត្រ​មហា​នាម​ ​ក្នុង​សាសនា​នេះ​ ​ព្រះអង្គ​គប្បី​រលឹក​នូវ​តថាគត​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​លោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ព្រះអង្គ​ជា​សាស្តា​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​បំបាក់​បង់​នូវ​ភព​ដូច្នេះ​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​រលឹក​នូវ​តថាគត​ក្នុង​សម័យ​ណា​ ​អរិយសាវ័ក​នោះ​ ​ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន​ ​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយសាវ័ក​នោះ​ ​ជា​ចិត្តត្រង់​ ​ក្នុង​សម័យ​នោះ​ ​បពិត្រ​មហា​នាម​ ​លុះ​អរិយសាវ័ក​ ​មានចិត្ត​ត្រង់​ ​ប្រារព្ធ​នូវ​តថាគត​ហើយ​ ​រមែង​បាន​សេចក្តី​យល់​នូវ​អត្ថ​ ​សេចក្តី​យល់​នូវ​ធម៌​ ​មាន​សេចក្តី​រីករាយ​ ​ប្រកបដោយ​ធម៌​ ​កាលបើ​អរិយសាវ័ក​ ​មានចិត្ត​រីករាយ​ហើយ​ ​បីតិ​ ​តែង​កើតឡើង​ ​កាលបើ​អរិយសាវ័ក​ ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​អរិយសាវ័ក​ ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​តែង​បាន​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​អរិយសាវ័ក​ ​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏បាន​តាំងនៅ​ល្អ​។​ ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់