[១២៣] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី។ សម័យនោះឯង ទសមគហបតី អ្នកនៅក្នុងក្រុងឈ្មោះ អដ្ឋកៈ បានមកដល់ក្រុងបាតលិបុត្ត ដោយកិច្ចនីមួយ។ លំដាប់នោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ បានចូលទៅរកភិក្ខុ ១ រូប ក្នុងកុក្កុដារាម លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងភិក្ខុនោះដូច្នេះថា បពិត្រលោកដ៏ចំរើន ឥឡូវនេះ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីណា បពិត្រលោកដ៏ចំរើន ព្រោះយើងចង់ជួបព្រះអានន្ទដ៏មានអាយុ។ ភិក្ខុនោះតបថា ម្នាលគហបតី ព្រះអានន្ទដ៏មានអាយុនុ៎ះ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី។ លំដាប់នោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ សម្រេចនូវកិច្ចនោះ ក្នុងក្រុងបាតលិបុត្ត ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។