ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ បានឆ្លងនូវវដ្តៈ ជាទីនៅនៃមច្ចុ ដែលសត្វឆ្លងបានដោយក្រក្រៃពេក ហើយនិងបានដល់នូវត្រើយខាងនាយ គឺព្រះនិព្វាន។ បណ្ឌិតត្រូវលះបង់នូវធម៌ខ្មៅ ហើយចំរើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិព្វាន ដែលមិនមានអាល័យ ការត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ហើយប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ។ ចិត្តដែលពួកជនណា ចំរើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់នូវសេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ឈ្មោះថា ជាខីណាស្រព ជាអ្នកមានសេចក្តីរុងរឿង បរិនិព្វានហើយក្នុងលោក។