​បណ្ឌិត​គប្បី​លះបង់​នូវ​ធម៌​ខ្មៅ​ ​ចំរើន​នូវ​ធម៌​ស​ ​ហើយ​ចេញ​ចាក​អាល័យ​ ​អាស្រ័យ​នូវ​ព្រះ​និព្វាន​ ​ដែល​មិន​មាន​អាល័យ​ ​សេចក្តី​ត្រេកអរ​បាន​ដោយ​កម្រ​ ​ក្នុង​វិវេក​ណា​ ​បណ្ឌិត​អ្នក​មិន​មាន​សេចក្តី​កង្វល់​ ​គប្បី​លះបង់​នូវ​កាម​ទាំងឡាយ​ ​ប្រាថ្នា​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​វិវេក​នោះ​ ​បណ្ឌិត​គប្បី​ធ្វើខ្លួន​ឲ្យ​ផូរផង់​ ​ចាក​គ្រឿង​សៅហ្មង​នៃ​ចិត្ត​ទាំងឡាយ​។​ ​ចិត្ត​ដែល​ពួក​ជន​ណា​ ​ចំរើន​ល្អប្រពៃ​ហើយ​ ​ក្នុង​អង្គ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ទាំងឡាយ​ ​ពួក​ជន​ណា​ ​ត្រេកអរ​ក្នុង​ការ​លះបង់​នូវ​សេចក្តី​ប្រកាន់​ ​ព្រោះ​មិន​ប្រកាន់​ ​ពួក​ជន​ទាំងនោះ​ ​ជា​ខីណាស្រព​ ​ឈ្មោះថា​ ​មាន​សេចក្តី​រុងរឿង​ ​បរិនិព្វានហើយ​ក្នុង​លោក​។​

 [​៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​មិនមែន​ជា​ធម៌​ផង​ ​សភាវៈ​មិនមែន​ជា​ប្រយោជន៍​ផង​ ​ភិក្ខុ​គប្បី​ដឹង​ធម៌​ផង​ ​ប្រយោជន៍​ផង​ ​ភិក្ខុ​គប្បី​ដឹង​ ​(​ទាំងអស់​)​ ​លុះ​បានដឹង​នូវ​សភាវៈ​មិនមែន​ធម៌​ ​និង​សភាវៈ​មិនមែន​ប្រយោជន៍​ ​បានដឹង​នូវ​ធម៌​ ​និង​ប្រយោជន៍​ហើយ​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​គប្បី​ប្រតិបត្តិ​ ​យ៉ាងនោះ​ចុះ​។​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់