ទាំងអាត្មាអញជាអ្នកប្រដាប់កម្រងផ្កា នឹងបានចូលទៅរកកិន្នរ (ជាប្តី) នោះ (ក្នុងដំណេក)។ មួយទៀត ខ្ញុំបេះផ្កាកុរវកៈ ទាំងផ្ការាជព្រឹក្ស និងផ្កាច្រនៀងក៏ខ្ញុំបេះ ដោយបំណងថា កិន្នរ (ជាប្តី) ជាទីស្រឡាញ់របស់អាត្មាអញ នឹងជាអ្នកប្រដាប់កម្រងផ្កា ទាំងអាត្មាអញ ក៏ជាអ្នកប្រដាប់កម្រងផ្កា នឹងចូលទៅរកកិន្នរ (ជាប្តី) នោះ (ក្នុងដំណេក)។ មួយទៀត ខ្ញុំបានបេះនូវផ្កាសាលព្រឹក្ស ដែលរីកស្គុះស្គាយ ធ្វើជាគ្រឿងប្រដាប់ដោយបំណងថា ថ្ងៃនេះយើងនឹងនៅក្នុងទីណា អស់រាត្រីមួយ គ្រឿងប្រដាប់នេះ នឹងបានជាកម្រាលរបស់យើងក្នុងទីនោះ។ មួយទៀត ខ្ញុំមានសភាពជាអ្នកធ្វេសប្រហែស ក្លិនខ្លឹមក្រស្នា និងខ្លឹមចន្ទន៍លើថ្ម ដោយបំណងថា កិន្នរជាប្តីជាទីស្រឡាញ់របស់អាត្មាអញ នឹងបានលាបខ្លួនប្រាណ ទាំងខ្លួនអញ ក៏បានលាបស្រឡាប ហើយនឹងចូលទៅរកកិន្នរជាប្តីនោះក្នុងដំណេក។