​គំនរ​កែវ​មុក្តា​ ​មាន​ប្រាំ​ពាន់​វាហៈ​ ​(​រទេះ​)​ ​គំនរ​កែវ​ពៃទូរ្យ​ ​(​ប្រាំ​ពាន់​វាហៈ​)​ ​នេះ​ ​សូម​ពួក​ជន​នាំទៅ​អំពី​នាគ​ពិភព​នេះ​ ​ហើយ​ក្រាល​លើ​ផែនដី​ខាងក្នុង​បូរី​ ​ឲ្យ​ជាទី​មិន​មាន​ភក់​ ​មិន​មាន​ធូលី​។​ ​បពិត្រ​ព្រះរាជា​ដ៏​ប្រសើរ​ ​សូម​ព្រះអង្គ​គ្រប់គ្រង​ក្រុង​ពារាណសី​ ​ឲ្យ​ជា​វិមាន​ប្រសើរ​ ​មាន​លំអ​ច្រើនអន្លើ​ ​ជា​នគរ​ស្តុកស្តម្ភ​ ​ទូលំទូលាយ​ ​មាន​សភាព​ដូច្នេះ​ចុះ​ ​បពិត្រ​ព្រះអង្គ​មាន​ប្រាជ្ញា​មិន​ថោកថយ​ ​សូម​ព្រះអង្គ​សោយរាជ្យ​ចុះ​។​

​ចប់​ ​ចម្បេយ្យ​ជាតក​ ​ទី១០​។​


​មហា​បលោភ​ន​ជាតក​ ​ទី១១​


 [​៣៣៧​]​ ​(​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​សំដែង​ជាតក​នេះ​ថា​)​ ​ទេវបុត្រ​មាន​ឫទ្ធិ​ច្រើន​ ​ច្យុត​ចាក​ព្រហ្មលោក​ ​បាន​កើតជា​បុត្រ​នៃ​ព្រះរាជា​ ​ទ្រង់​ឋិតនៅ​ក្នុង​សម្បត្តិ​ជា​គ្រឿង​ញ៉ាំង​សេចក្តី​ប្រាថ្នា​ទាំងពួង​ឲ្យ​សម្រេច​។​ ​កាម​ទាំងឡាយ​ក្តី​ ​កាម​សញ្ញា​ក្តី​ ​មិន​មាន​ក្នុង​ព្រហ្មលោក​ទេ​ ​ព្រះរាជបុត្រ​នោះ​នឿយណាយ​ចាក​កាម​ទាំងឡាយ​ ​ព្រោះ​ឈាន​សញ្ញា​ ​(​ដែល​កើត​ក្នុង​ព្រហ្មលោក​)​ ​នោះ​ឯង​។​ ​ក៏​ក្នុង​ព្រះរាជវាំង​នៃ​ព្រះរាជា​នោះ​ ​មាន​ព្រះរាជ​ដំណាក់​សម្រាប់​ចំរើន​ឈាន​ ​ដែលគេ​កសាង​ហើយដោយ​ល្អ​ ​ព្រះរាជបុត្រ​នោះ​ ​ទ្រង់​សម្ងំ​តែមួយ​ព្រះអង្គ​ឯង​ ​ចំរើន​ឈាន​ក្នុង​ទី​កំបាំង​ក្នុង​ព្រះរាជ​ដំណាក់​នោះ​។​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់