​ព្រះបាទ​កាសី​នោះ​ ​ទ្រង់​បរិទេវនាការ​ចង្អៀតចង្អល់​ដោយ​សេចក្តី​សោក​ព្រោះ​ព្រះរាជបុត្រ​ថា​ ​ព្រះរាជបុត្រ​តែមួយ​របស់​យើង​នេះ​ ​មិន​បរិភោគ​កាម​។​ ​ឧបាយ​ក្នុង​រឿង​នេះ​ដូចម្តេច​ហ្ន៎​ ​ឬថា​ ​នរណា​ហ្ន៎​ ​ចេះ​ខ្វល់ខ្វាយ​ក្នុង​រឿង​នេះ​ ​អ្នកណា​អាច​ប្រលោម​កូន​អញ​ ​ឲ្យ​ប្រាថ្នា​កាម​ទាំងឡាយ​បាន​។​
 [​៣៣៨​]​ ​ក្នុង​ព្រះរាជវាំង​នោះ​ឯង​ ​មាន​កុមារី​ម្នាក់​ ​ជា​ស្ត្រី​មាន​សម្បុរ​ ​និង​រូបល្អ​ ​ជា​ស្ត្រី​ឈ្លាស​វាងវៃ​ក្នុង​ការ​រាំច្រៀង​ ​ទាំង​បាន​សិក្សា​ល្អ​ក្នុង​ការ​ប្រគុំ​ ​កុមារី​នោះ​ ​ចូល​ទៅ​គាល់​ក្នុង​ទីនោះ​ហើយ​ ​ក្រាបបង្គំទូល​ ​(​ព្រះរាជា​)​ ​ថា​ ​បើ​ព្រះរាជ​ឱរស​នឹង​បាន​ជា​ព្រះ​ភស្តា​នៃ​ខ្ញុំម្ចាស់​ ​ខ្ញុំម្ចាស់​អាច​នឹង​ប្រលោម​ព្រះរាជ​ឱរស​នោះ​ឲ្យខាងតែ​បាន​។​
 [​៣៣៩​]​ ​ព្រះរាជា​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​ដូច្នេះ​នឹង​កុមារី​ដែល​និយាយ​ដូច្នោះ​នោះ​ថា​ ​ចូរ​នាង​ប្រលោម​ព្រះរាជ​ឱរស​នោះ​ចុះ​ ​ព្រះរាជ​ឱរស​នោះ​ ​នឹងជា​ភស្តា​របស់​នាង​។​
 [​៣៤០​]​ ​កុមារី​នោះ​ក៏​ទៅ​ខាងក្នុង​ព្រះរាជវាំង​ ​ហើយ​ ​(​ច្រៀង​)​ ​នូវ​ចម្រៀង​ ​ដែល​ប្រកបដោយ​កាម​ច្រើនប្រការ​ ​ពោល​គាថា​ដ៏​វិចិត្រ​ជាទីស្រឡាញ់​ ​ជ្រួត​ជា្រ​បក្នុង​ហឫទ័យ​។
ថយ | ទំព័រទី ១២៦ | បន្ទាប់