​[​៣៤១​]​ ​ចំណង់​ក្នុង​កាម​កើតឡើង​ ​ដល់​ព្រះរាជបុត្រ​នោះ​ ​ព្រោះ​បាន​ស្តាប់​សម្លេង​របស់​នារី​ច្រៀង​ថ្វាយ​នោះ​ឯង​ ​ព្រះរាជ​ឱរស​នោះ​ ​ទ្រង់​សាកសួរ​ជន​ថា​ ​យីអើ​ ​នុ៎ះ​ជា​សម្លេង​នរណា​ ​ឬថា​ ​នរណា​នោះ​ពោល​ពាក្យខ្ពស់​ទាប​ច្រើន​ ​ដ៏​ជ្រួតជ្រាប​ក្នុង​ហឫទ័យ​ ​ជាទីស្រឡាញ់​ ​ជា​សុខ​ត្រចៀក​របស់​អញ​។​
 ​[​៣៤២​]​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​នុ៎ះឯង​ជា​ស្ត្រី​ ​ស្រ្តី​នុ៎ះ​ចេះ​ល្បែង​ច្រើនប្រការ​ ​បើ​ព្រះអង្គ​ទ្រង់​សោយ​នូវ​កាម​ទាំងឡាយ​ណា​ ​កាម​ទាំងឡាយ​នោះ​ ​នឹង​ញ៉ាំង​ព្រះអង្គ​ ​ឲ្យ​រឹងរឹតតែ​គាប់​ព្រះទ័យ​។​
 [​៣៤៣​]​ ​អើ​បើ​ដូច្នោះ​ ​ចូរ​កុមារី​មក​អាយ​ចុះ​ ​ចូរ​ច្រៀង​ក្នុង​ទី​ជិត​ចុះ​ ​ចូរ​ច្រៀង​ក្នុង​ទី​ជិត​អាស្រម​ក្នុង​សំណាក់​នៃ​យើង​ចុះ​។​
 ​[​៣៤៤​]​ ​កុមារី​នោះ​ ​ច្រៀង​ក្នុង​ទី​ខាងក្រៅ​ជញ្ជាំង​ ​ហើយ​ចូល​ទៅ​ក្នុង​ព្រះរាជ​ដំណាក់​សំរាប់​ចំរើន​ឈាន​ ​ដើម្បី​ចង​ព្រះរាជ​កុមារ​នោះ​តាមលំដាប់​ ​ដូចជា​ហ្មដំរី​ចង​ដំរី​ក្នុង​ព្រៃ​។​
 [​៣៤៥​]​ ​ធម៌​ច្រណែន​បាន​កើត​ព្រោះ​ដឹង​នូវ​កាម​រស​នៃ​កុមារី​នោះ​ ​យើង​ត្រូវតែ​បរិភោគ​កាម​ទាំងឡាយ​តែម្នាក់ឯង​ប៉ុណ្ណោះ​ ​កុំ​ឲ្យ​មាន​បុរស​ដទៃ​ឡើយ​។​ ​ត​ពីនោះ​ទៅ​ ​ព្រះរាជ​កុមារ​ទ្រង់​កាន់​ដាវ​ ​ព្យាយាម​ដើម្បី​សម្លាប់​បុរស​ទាំងឡាយ​ ​ដោយ​គិតថា​ ​អញ​ត្រូវ​បរិភោគ​កាម​តែម្នាក់ឯង​ប៉ុណ្ណោះ​ ​កុំ​គប្បី​មាន​បុរស​ដទៃ​។
ថយ | ទំព័រទី ១២៧ | បន្ទាប់