អយោឃរជាតក ទី១៤
[៣៩០] (អយោឃរកុមារពោធិសត្វ…) សត្វនៅក្នុងគភ៌ អស់រាត្រីណាមួយជាដំបូង សត្វនោះប្រព្រឹត្តទៅ ដូចជាពពកដែលតាំងឡើង សត្វនោះកាលទៅ រមែងមិនត្រឡប់វិញទេ។
[៣៩១] មិនមែនពួកនរៈកាលច្បាំង មិនមែនពួកនរៈបរិបូរណ៍ដោយកំលាំង មិនគ្រាំគ្រ មិនស្លាប់ទេ ព្រោះថា បាណមណ្ឌលទាំងអស់នោះ គឺជាតិ និងជរា តែងចូលទៅជិតបៀតបៀន ហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩២] ព្រះរាជាទាំងឡាយ ជារដ្ឋាធិបតី គ្របសង្កត់នូវសេនាប្រកបដោយអង្គ ៤ ជាសេនាមានសភាពគួរខ្លាចក្រៃពេក រមែងឈ្នះបាន ប៉ុន្តែមិនអាចឈ្នះនូវសេចក្តីស្លាប់បាន ព្រោះហេតុនោះ គំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៣] ព្រះរាជាទាំងឡាយអង្គខ្លះ ដែលមានពលដំរី ពលសេះ ពលរថ ពលថ្មើរជើងចោមរោមហើយ រួច (អំពីកណ្តាប់ដៃពួកបច្ចាមិត្ត) បាន ប៉ុន្តែមិនអាចរួចចាកសេចក្តីស្លាប់បាន ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។