ប្រឡាក់ប្រឡូស ដេកជ្រមុជក្នុងកំអួត ដល់នូវសេចក្តីវិនាសព្រោះផឹកសុរាណា សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលលើកកំពស់ មានភ្នែកក្រហម សំគាល់ថា ផែនដីទាំងមូលសុទ្ធតែជារបស់អញ សូម្បីស្តេចជាធំលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ក៏មិនស្មើនឹងអញដែរ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ សុរាណា ដែលនាំឲ្យកើតមានះ និងការមើលងាយ នាំឲ្យឈ្លោះប្រកែក នាំឲ្យញុះញង់ នាំឲ្យមានពណ៌សម្បុរអាក្រក់ នាំឲ្យអាក្រាតសំពត់ ឲ្យរត់ផ្តេសផ្តាស ជាគតិ ជាលំនៅរបស់ពួកអ្នកលេងជាន់ចាស់ សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ត្រកូលទាំងឡាយស្តុកស្តម្ភ សាយភាយ (ដោយសំពត់ និងទ្រព្យសម្បត្តិ) មានទ្រព្យច្រើនពាន់ ត្រូវសុរានេះ ធ្វើកេរ្តិ៍មត៌ក ឲ្យដាច់សូន្យក្នុងលោក សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ជនទាំងឡាយ ញ៉ាំទ្រព្យសម្បត្តិ ប្រាក់មាស ស្រែចម្ការ និងគោក្របី ឲ្យវិនាសអស់ ព្រោះតែសុរាណា (ម្យ៉ាងទៀត សុរាណា) ផ្តាច់បង់នូវត្រកូលអ្នកមានទ្រព្យទាំងឡាយ