ជនទាំងឡាយសូម្បីចំណាយប្រាក់ដ៏ច្រើន អង្វរមិនបាននូវបុរសណា (ដែលមិនទាន់ផឹកសុរា) ក្នុងកាលមុនថា (អ្នកចូរពោលមុសាវាទ) បុរសនោះ លុះផឹកនូវសុរានោះរួចហើយ ក៏ពោលនូវពាក្យមុសាវាទបាន សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ កាលបើកិច្ចប្រញាប់កើតហើយ បុគ្គលនោះគេបញ្ជូនទៅក្នុងការបម្រើ ត្រូវគេសួរថា (អ្នកឯងមករកអ្វី) រមែងមិនដឹងសេចក្តី (ដែលគេសួរ) ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកជនមានចិត្តប្រកបដោយសេចក្តីអៀនខ្មាស ធ្វើនូវភាពជាអ្នកមិនអៀនខ្មាសឲ្យប្រាកដក្តី ពួកជនជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ទៅជាអ្នកប្រមាទដោយសេចក្តីស្រវឹង ហើយនិយាយពាក្យច្រើនក្តី ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកជនដេកប្រគរគ្នា (ដូចជាកូនជ្រូក) មិនស៊ីបាយ ដល់នូវការដេកជាទុក្ខលើផែនដីផង ដល់នូវភាពជាអ្នកមានសម្បុរអាក្រក់ផង ដល់នូវដំណិះដំនៀលផង ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។