ពួកជនដេកធ្លាក់កទន់រងៀក ដូចជាគោដែលគេសំពងនឹងញញួរ កម្លាំងនៃសុរា មិនមែននរជន គ្របសង្កត់បានដោយងាយទេ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកមនុស្ស វៀរបង់នូវសុរាណា ដូចជាវៀរនូវពស់ ដែលមានពិសដ៏ពន្លឹក នរជនណា គួរផឹកនូវសុរានោះ ដែលមានពិស ស្មើដោយថ្នាំពិសក្នុងលោក សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ព្រះរាជបុត្តរបស់ព្រះបាទអន្ធកវេណ្ឌៈ (ជាបងប្អូនគ្នា) បានយាងទៅក្បែរឆ្នេរសមុទ្រ ក៏ប្រហារគ្នាទៅវិញទៅមកដោយអង្រែទាំងឡាយ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកអសុរជាអ្នកស្រវឹង ហើយច្យុតចាកតាវត្តិង្សទេវលោក ដែលទៀងទាត់ (ដោយអាយុ) ព្រមទាំងមាយា (របស់អសុរ) ព្រោះផឹកនូវសុរាណា បពិត្រមហារាជ អ្នកប្រាជ្ញកាលដឹងនូវទឹកស្រវឹងនេះថា ជារបស់ឥតប្រយោជន៍ ប្រាកដដូច្នោះ តើគួរផឹកនូវទឹកស្រវឹងនោះដូចម្តេចកើត។