[៤៦៤] (ព្រះនាងសុភទ្ទាទេវី…) អ្នកចេញអំពីទីនេះ ដើរត្រង់ទៅទិសខាងជើង រំលងភ្នំធំទាំង ៧ ទៅ នឹងឃើញភ្នំធំលើសលុបមួយឈ្មោះសុវណ្ណបស្សៈ ជាភ្នំមានផ្កាឈើរីកព្រោងព្រាត កុះករដោយពួកកិន្នរ។ អ្នកចូរឡើងកាន់ភ្នំ ជាលំនៅរបស់ពួកកិន្នរនោះ ហើយរមិលមើលនូវទីជិតនៃជើងភ្នំ គ្រានោះ អ្នកនឹងឃើញនូវស្តេចជ្រៃមួយដើម មានឫស ៨០០០ មានពណ៌ប្រាកដស្មើដោយមេឃ។ ឯស្តេចដំរីមានភ្លុកប្រាំមួយ មានខ្លួនសសុទ្ធ ដែលពួកដំរីដទៃគ្របសង្កត់បានដោយក្រ តែងនៅជិតដើមជ្រៃនោះ ដំរីទាំងឡាយ ៨០០០ មានភ្លុកងដូចចន្ទោលរទេះ មានប្រក្រតីទៅប្រហារដោយសន្ទុះដូចជាខ្យល់ តែងរក្សានូវស្តេចដំរីនោះ។ ពួកដំរីទាំង ៨០០០ នោះ ឈរដកដង្ហើមខ្លាំងៗ តែងក្រោធចំពោះវត្ថុ សូម្បីដែលខ្យល់បក់ត្រូវហើយ មួយទៀត បើវាឃើញមនុស្សក្នុងទីនោះហើយ ក៏ធ្វើឲ្យទៅជាផេះ សូម្បីតែធូលី គឺផេះរបស់មនុស្សនោះ ក៏មិនឲ្យមានឡើយ។