បពិត្រព្រាហ្មណ៍ លោកកុំសំគាល់សម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ បពិត្រព្រាហ្មណ៍ ភ្នំគន្ធមាទនៈមានទឹកសន្សើម ជាលំនៅនៃពពួកទេវតា ដេរដាសដោយដើមឈើផ្សេងៗទាំងឡាយផង ដោយឱសធជាទិព្វទាំងឡាយផង រមែងញ៉ាំងទិសទាំងឡាយឲ្យភ្លឺច្បាស់ផង ផ្សាយទៅកាន់ទិសទាំងឡាយ (ដោយក្លិនក្រអូប) ផង យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ បពិត្រព្រាហ្មណ៍ ភ្លើងប្រក្រតី ប្រកបដោយអណ្តាត មានអំណាច កាលឆេះនូវគុម្ពឈើក្នុងព្រៃ មិនចេះឆ្អែត រមែងញ៉ាំងពណ៌ខ្មៅឲ្យប្រព្រឹត្តទៅ ជាសភាវៈឆេះនូវខ្លាញ់ មានផ្សែងជាទង់ ឆេះនូវដងព្រៃស្តុក មានរបស់សម្រាប់ឆេះដ៏ច្រើន រមែងរុងរឿងលើកំពូលភ្នំ ក្នុងវេលាយប់យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។