បានទតឃើញព្រាហ្មណ៍ម្នាក់ កើតឃ្លង់ស ឃ្លង់ពពាល កើតស្រែង មានសាច់លៀនចេញ ដូចជាផ្ការលួសផ្អុង ស្គមឡើងសរសៃរវាម ក្នុងមិគាជិនឧទ្យាននោះ។ ព្រះរាជាទ្រង់ទតឃើញជនមានសេចក្តីលំបាក ដល់នូវភាពគួរអាណិតក្រៃលែង ទ្រង់ស្ញើប ទ្រង់ត្រាស់សួរថា បណ្តាពួកយក្ស អ្នកជាយក្សអ្វី។ ដៃ និងជើងរបស់អ្នកសផង ក្បាលរបស់អ្នក សលើសជាងដៃ និងជើងនោះផង ខ្លួនរបស់អ្នក មានសម្បុរពព្រុះផង មានស្រែងដ៏ច្រើនផង។ ខ្នងរបស់អ្នក រដិបរដុប ដូចជាលួសដែលវេញផង អវយវៈរបស់អ្នក ដូចវល្លិ៍លែនពែនផង យើងមិនដែលឃើញបុគ្គលដទៃបែបនេះឡើយ។ អ្នកមានជើងប្រឡាក់ដោយធូលី ជាអ្នកតក់ស្លុត ស្គម ឡើងសរសៃរវាម ស្រេកឃ្លាន មានសភាពជាអ្នកមិនឆ្អែត តើអ្នកមកអំពីទីណា នឹងទៅក្នុងទីណា។ អ្នកជាបុគ្គលលំបាកមើល មិនមានទ្រង់ទ្រាយ មានសម្បុរមិនល្អ មើលទៅគួរខ្លាច សូម្បីតែមាតាបង្កើតរបស់អ្នក ក៏មិនចង់ឃើញអ្នកដែរ។ អ្នកបានធ្វើនូវអំពើដូចម្តេចក្នុងកាលមុន អ្នកបានបៀតបៀននូវសត្វដែលមិនគួរសម្លាប់ដូចម្តេច អ្នកធ្វើនូវអំពើអាក្រក់ណា ក៏បាននូវសេចក្តីទុក្ខនេះ។