[៥០០] (ព្រាហ្មណ៍ក្រាបបង្គំទូលថា) បើដូច្នោះ អ្នកឈ្លាសវៃ (និយាយ) យ៉ាងណា ទូលព្រះបង្គំជាខ្ញុំនឹងទូលយ៉ានោះ ព្រោះថា ក្នុងលោកនេះ អ្នកប្រាជ្ញាទាំងឡាយ តែងសរសើរបុគ្គលអ្នកនិយាយពាក្យពិត។ ទូលព្រះបង្គំជាខ្ញុំតែម្នាក់ឯង កាលដើររកគោ ក៏វង្វេងដើរចូលទៅក្នុងព្រៃសូន្យសុង ជាព្រៃដាច់ទឹក ព្រៃស្ងាត់ឈឹង ដែលពួកដំរីផ្សេងៗ នៅហើយ។ ទូលព្រះបង្គំជាខ្ញុំ វង្វេងផ្លូវក្នុងព្រៃ ដែលពួកម្រឹគកាចដើរទៅមក ជាអ្នកមានសេចក្តីស្រេកឃ្លាន អស់ ៧ ថ្ងៃ ដើរទៅក្នុងព្រៃនោះ។ ទូលព្រះបង្គំជាខ្ញុំ ត្រូវសេចក្តីស្រេកឃ្លានគ្របសង្កត់ ក៏បានឃើញដើមទន្លាប់ក្នុងព្រៃនោះ ដុះនៅក្នុងទីមិនស្មើ សំយុងទៅកាន់ជ្រោះ ជាឈើទ្រទ្រង់នូវផ្លែមានរសផ្អែម។ ទូលព្រះបង្គំជាខ្ញុំ បានទទួលទានផ្លែឈើទាំងឡាយ ដែលខ្យល់បក់ធ្លាក់ចុះមក ផ្លែឈើទាំងនោះ ពេញចិត្តទូលព្រះបង្គំជាខ្ញុំយ៉ាងក្រៃលែង ទូលព្រះបង្គំជាខ្ញុំមិនឆ្អែត ក៏ឡើងលើដើម ដោយគិតថានឹងស៊ីឲ្យឆ្អែតស្កប់ស្កល់លើដើមនោះ។ ទូលព្រះបង្គំជាខ្ញុំ ទទួលទានផ្លែទន្លាប់មួយហើយ ប្រាថ្នាផ្លែជាគំរប់ពីរទៀត លំដាប់នោះ មែកឈើនោះ ក៏បាក់ហាក់ដូចជាគេកាប់នឹងប៉ូវថៅ។ ទូលព្រះបង្គំជាខ្ញុំនោះ ក៏ជាប់មកជាមួយនឹងមែកឈើ មានជើងឡើងលើ មានក្បាលចុះក្រោម ធ្លាក់ចុះទៅក្នុងជ្រោះភ្នំ ដែលមិនមានទីឈរ មិនមានទីតោង។