និយាយថា បពិត្រអ្នកដ៏ចំរើន អ្នកជាម្ចាស់ កុំធ្វើបាបខ្ញុំឡើយ អ្នកឯងធ្វើអំពើអាក្រក់បែបនេះ ម្នាលអ្នកដ៏មានអាយុវែង អ្នកឯងគួរតែហាមឃាត់នូវពួកសត្វដទៃ។ យីអើហ្ន៎ នែបុរសចង្រៃ ជាមនុស្សធ្វើអំពើអាក្រក់ដល់ម្ល៉េះ អញបានស្រង់ឯង ឲ្យរួចពីជ្រោះជ្រៅស្រឡូងបែបនេះ។ អញនាំអ្នកឯងមក (នេះ) ដូចជានាំមកពីបរលោក អ្នកឯងសំគាល់យើងថា គួរប្រទូស្ត អំពើដ៏លាមកនោះ អ្នកឯងនោះជាមនុស្សលាមក ជាមនុស្សបាប គិតហើយ។ នែអ្នកមិនឋិតនៅក្នុងធម៌ អ្នកឯងកុំប៉ះពាល់នូវទុក្ខវេទនាដ៏ខ្លោចផ្សាឡើយ អំពើដ៏លាមកនោះ កុំសម្លាប់អ្នកឯងដូចជាផ្លែឫស្សី ដែលសម្លាប់ដើមឯងវិញឡើយ។ នែអ្នកជាមនុស្សមានធម៌ដ៏លាមក មិនសង្រួម យើងលែងមានសេចក្តីទុកចិត្តចំពោះអ្នក អ្នកឯងចូរមក អ្នកឯងចូរមានសរីរៈប្រាកដក្នុងទីជិត ដើរតាមក្រោយយើងចុះ។ អ្នកឯងរួចផុតពីកណ្តាប់ដៃនៃពួកម្រឹគកាចហើយ អ្នកឯងបានដល់ឧបចារៈជារបស់នៃមនុស្សហើយ នែអ្នកមិនឋិតនៅក្នុងធម៌ នុ៎ះផ្លូវ អ្នកឯងចូរដើរទៅឲ្យសុខសប្បាយតាមផ្លូវនោះចុះ។ ស្វាដែលត្រាច់ទៅលើភ្នំ លុះបានពោលពាក្យនេះហើយ ទើបលាងឈាមក្បាលរបស់ខ្លួន ហើយជូតទឹកភ្នែកឲ្យជ្រះ លំដាប់នោះ ក៏លោតឡើងទៅលើភ្នំ។