សេចក្តីប្រហែស រមែងកើតឡើង ព្រោះសេចក្តីស្រវឹង ការអស់ទៅ (នៃញាតិជាដើម) រមែងកើតឡើង ព្រោះសេចក្តីប្រហែស សេចក្តីប្រទូស្តទាំងឡាយ រមែងកើតឡើង ព្រោះការអស់ទៅ (នៃញាតិជាដើម) បពិត្រព្រះអង្គដ៏ប្រសើរ មានភារៈ (ក្នុងដែន) ព្រះអង្គកុំប្រហែសឡើយ។ ពួកក្សត្រិយ៍ច្រើនអង្គ មានសេចក្តីប្រហែស ញ៉ាំងសេចក្តីចំរើន និងញ៉ាំងដែនឲ្យវិនាស ចំណែកពួកមេស្រុក អ្នកស្រុក អ្នកបួស គ្រហស្ថ ក៏វិនាស។ បពិត្រព្រះរាជា ព្រះអង្គញ៉ាំងដែនឲ្យចំរើន ភោគៈទាំងអស់ក្នុងដែនរបស់ក្សត្រជាអ្នកប្រហែស រមែងវិនាស សេចក្តីវិនាសនោះ ជាទុក្ខរបស់ព្រះរាជា។ បពិត្រមហារាជ សេចក្តីប្រហែសនេះ មិនមែនជាធម៌ (របស់ពួកព្រះរាជាបុរាណទេ) ព្រះអង្គប្រហែសហួសប្រមាណ ពួកចោរកំចាត់នូវជនបទដែលសម្បូណ៌ថ្កុំថ្កើងនោះ។ ពួកបុត្ររបស់ព្រះអង្គមិនមាន ទាំងប្រាក់ក៏មិនមាន ទាំងទ្រព្យក៏មិនមាន កាលបើចោរប្លន់រាស្រ្ត (យ៉ាងនេះ) ព្រះអង្គនឹងសាបសូន្យចាកភោគៈគ្រប់យ៉ាង។ ពួកញាតិមិត្រ និងសំឡាញ់ រមែងមិនទទួលដឹងនូវក្សត្រនោះ ដែលជាព្រះរាជាសាបសូន្យចាកភោគៈទាំងពួង ជាបុគ្គលដែលគួរទទួលដឹងទេ។