បពិត្រព្រះបិតា សូមព្រះអង្គជ្រាបនូវអាមាត្យទាំងឡាយ ដែលមិនលេងល្បែងភ្នាល់ មិនបោកប្រាស មិនជាអ្នកលេងស៊ីផឹក មិនជាអ្នកបំផ្លាញព្រះរាជទ្រព្យ។ បពិត្រព្រះបិតា អាមាត្យណាគប្បីរក្សានូវទ្រព្យរបស់ព្រះអង្គដែលមាន ដូចនាយសារថីប្រុងប្រយ័ត្ននូវរថ អាមាត្យនោះ ព្រះអង្គគប្បីឲ្យធ្វើនូវកិច្ចការទាំងឡាយរបស់ព្រះអង្គ។ សូមព្រះអង្គដែលមានជនខាងក្នុងសង្គ្រោះល្អ ត្រួតត្រាមើលនូវព្រះរាជទ្រព្យដោយព្រះអង្គឯង មិនគួរធ្វើនូវកំណប់ទ្រព្យ និងការឲ្យជាបំណុលដោយជឿអ្នកដទៃទេ។ ព្រះអង្គគប្បីជ្រាបនូវសេចក្តីចំរើន និងសេចក្តីវិនាសដោយព្រះអង្គឯង គប្បីជ្រាបនូវកិច្ចការដែលបានធ្វើ និងមិនបានធ្វើដោយព្រះអង្គឯង គប្បីសង្កត់សង្កិននូវបុគ្គលដែលគួរសង្កត់សង្កិន គប្បីលើកតំកើងនូវបុគ្គលដែលគួរលើកតំកើង។ បពិត្រព្រះអង្គជាធំលើរថ សូមព្រះអង្គប្រៀនប្រដៅនូវប្រយោជន៍ដល់អ្នកជនបទដោយព្រះអង្គឯង ពួករាជបុរសអ្នកប្រកបការមិនត្រឹមត្រូវតាមធម៌ សូមកុំឲ្យញ៉ាំងទ្រព្យ និងដែនរបស់ព្រះអង្គឲ្យវិនាស។ មួយទៀត សូមព្រះអង្គកុំធ្វើ ឬប្រើគេឲ្យធ្វើនូវរាជកិច្ចទាំងឡាយដោយរួសរាន់ ព្រោះមនុស្សល្ងង់ខ្លៅ តែងក្តៅក្រហាយរឿយៗ ក្នុងកាលខាងក្រោយ ចំពោះការងារដែលខ្លួនធ្វើដោយរួសរាន់។