[៥៩៣] (សរភង្គតាបស…) ព្រះបាទទណ្ឌកី ព្រមទាំងជន ទាំងអ្នកដែន បានស្តោះដាក់តាបសឈ្មោះកីសវច្ឆៈ ព្រះអង្គមានមូលដាច់ហើយ ឆេះក្នុងនរកឈ្មោះកុក្កូលៈ រងើកភ្លើងទាំងឡាយធ្លាក់មិនដាច់ លើកាយនៃព្រះអង្គ។ ព្រះបាទនាលិកីរៈណា បានបៀតបៀនបព្វជិតទាំងឡាយ ជាអ្នកសង្រួម ជាអ្នករម្ងាប់បាប មិនប្រទូស្ត កំពុងសំដែងធម៌ ឆ្កែទាំងឡាយចោមខាំស៊ីនូវព្រះបាទនាលិកីរៈនោះ ឲ្យអន្ទះអន្ទែងក្នុងបរលោក។ ឯព្រះបាទអជ្ជុនៈ មានព្រះសិរចុះក្រោម មានព្រះបាទឡើងលើ ធ្លាក់ក្នុងនរកឈ្មោះសត្តិសូលៈ ព្រោះតែបៀតបៀននូវឥសីឈ្មោះអង្គីរសៈ ជាគោតមគោត្រ ជាអ្នកអត់ធន់ មានតបៈ ប្រព្រឹត្តធម៌ដ៏ប្រសើរអស់កាលយូរ។ ព្រះបាទកលាពុណា បានកាត់ឲ្យជាកំណាត់តូច និងកំណាត់ធំ នូវបព្វជិតដែលពោលនូវខន្តិ ជាអ្នករម្ងាប់បាប ជាអ្នកមិនប្រទូស្ត ព្រះបាទកលាពុ (នោះ) ក៏កើតឆេះនៅក្នុងនរកឈ្មោះអវីចិ មានកំដៅដ៏ខ្លាំង មានវេទនាដ៏ផ្សាក្តៅ ជាទីគួរខ្លាច។ បណ្ឌិតបានឮនូវនរកទាំងឡាយនេះផង នូវនរកទាំងឡាយដទៃ ដ៏លាមកលើសជាងនរកនេះផង