បើដូច្នោះ យើងជាពួកឈ្មួញ នឹងកាប់នូវមែកឈើខាងកើត។ សោតឯមែកនោះ គ្រាន់តែត្រូវពួកឈ្មួញកាប់ដាច់ភ្លាម ក៏ស្រក់ទឹកចេញ ឯទឹកក៏ថ្លាមិនល្អក់ ពាណិជទាំងនោះ បានងូតផឹកក្នុងទីនោះ ដរាបដល់អស់ចំណង់។ ពួកឈ្មួញពាល ត្រូវមោហៈបិទបាំង ប្រឹក្សានូវហេតុទី ២ ថា បើដូច្នោះ ពួកយើងជាពួកឈ្មួញ នឹងកាត់នូវមែកឈើខាងត្បូងនោះទៀត។ សោតឯមែកឈើនោះ គ្រាន់តែត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ហូរចេញនូវបាយនៃស្រូវសាលី ដ៏លាយដោយសាច់ដ៏ច្រើន នូវនំកុម្មាស ហាក់ដូចជាបាយាសមានទឹកតិច នូវសម្លកកូរ និងសម្លសណ្តែកបាយ ពាណិជទាំងនោះ បានបរិភោគទំពារស៊ីក្នុងទីនោះដរាបទាល់តែអស់ចំណង់។ ពួកពាណិជល្ងង់ ដែលត្រូវមោហៈបិទបាំង ក៏ប្រឹក្សាគ្នានូវហេតុទី ៣ ថា បើដូច្នោះ យើងជាពួកឈ្មួញនឹងកាត់មែកឈើខាងលិចនោះទៀត។ សោតឯមែកនោះ គ្រាន់តែត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ចេញនូវពួកនាងនារី មានខ្លួនតាក់តែងហើយ មានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កែវមណី និងកុណ្ឌល។ គួរសរសើរដែរ ពាណិជទាំងឡាយមាននាងនារីម្នាក់ៗ ចំណែកខាងនាងនារី ២៥ នាក់ ចោមរោម (នូវនាយឈ្មួញជាធំ) ក្រោមម្លប់ឈើនោះដោយជុំវិញ ពាណិជទាំងនោះ ត្រូវនាងនារីទាំងនោះចោមរោមហើយ ដរាបអស់ចំណង់។