ឆទ្ទន្តជាតក ទី៤
[៤៥៦] (ព្រះបាទពារាណសីត្រាស់សួរថា) ម្នាលនាងសុភទ្ទា ជាស្រីមានអវយវៈដូចមាស មានសម្បុរលឿងខ្ចី មានសម្បុរដ៏ប្រសើរ ថ្វីក៏បានជានាងសោយសោក ម្នាលនាងមានភ្នែកពិសាល ថ្វីក៏បានជានាងស្រពោន ដូចផ្កាឈូកដែលគេច្របាច់។
[៤៥៧] (នាងសុភទ្ទាទេវីទូលថា) បពិត្រមហារាជ ចំណង់ប្លែក កើតឡើងដល់ខ្ញុំម្ចាស់ដោយការយល់សប្តិ តែចំណង់ប្លែករបស់ខ្ញុំម្ចាស់នោះ ហាក់ដូចជាមិនងាយរកបានទេ។
[៤៥៨] (ព្រះរាជា…) កាមគុណទាំងឡាយណាមួយជារបស់មនុស្សក្នុងលោកជាទីត្រេកអរនេះ កាមគុណទាំងអស់នោះ មានច្រើនសុទ្ធតែជារបស់យើង យើងនឹងឲ្យនូវចំណង់ប្លែកដល់នាង។
[៤៥៩] (នាងសុភទ្ទាទេវី…) បពិត្រព្រះសម្មតិទេព សូមឲ្យព្រានទាំងឡាយ ដែលមាននៅក្នុងដែនរបស់ព្រះអង្គ មកប្រជុំគ្នា ខ្ញុំម្ចាស់នឹងប្រាប់នូវចំណង់ប្លែករបស់ខ្ញុំម្ចាស់ ដល់ព្រានទាំងឡាយនុ៎ះ។