​បពិត្រ​ព្រះអង្គ​អ្នក​ញ៉ាំង​រាស្ត្រ​ឲ្យ​ចំរើន​ ​កាលបើ​ក្សត្រិយ៍​ប្រហែស​ហើយ​ ​ភោគ​សម្បត្តិ​ទាំងអស់​ក្នុង​ដែន​ ​នឹង​វិនាស​ទៅ​ ​សេចក្តី​វិនាស​នោះ​ ​លោក​ពោល​ថា​ជា​ទុក្ខ​របស់​ព្រះរាជា​។​ ​បពិត្រ​ព្រះបិតា​ ​បុគ្គល​មាន​សិរី​ ​និង​បុគ្គល​មានបុណ្យ​ ​ដែល​សុចិ​បរិវារ​សេដ្ឋី​សួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​ខ្ញុំ​ត្រេកអរ​ចំពោះ​បុរស​មាន​សេចក្តី​ខ្មីឃ្មាត​ ​មាន​សេចក្តី​ប្រឹងប្រែង​ ​ជា​អ្នក​មិន​ច្រណែន​។​ ​បពិត្រមហារាជ​ ​បុគ្គល​កាឡកណ្ណី​ ​ជា​អ្នក​កាច់​បំបាក់​នូវ​ចក្រ​ ​គឺ​កុសល​ ​តែង​ត្រេកអរ​ក្នុង​បុរស​ជា​អ្នក​ច្រណែន​ ​មានចិត្ត​អាក្រក់​ ​ជា​អ្នក​ប្រទូស្ត​ចំពោះ​កល្យាណកម្ម​។​ ​សូម​ព្រះអង្គ​មាន​ហ្ឫទ័យ​ល្អ​ចំពោះ​ពួក​ជន​ទាំងពួង​ ​សូម​ព្រះអង្គ​រក្សា​នូវ​ពួក​ជន​ទាំងពួង​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​បណ្តេញ​នូវ​បុគ្គល​ឥត​បុណ្យ​ចេញ​ ​សូម​ព្រះអង្គ​យក​បុគ្គល​មានបុណ្យ​ ​មក​ជាទី​ពំនាក់​វិញ​។​ ​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​ដែន​កាសី​ ​ព្រោះថា​បុរស​មានបុណ្យ​ ​បរិបូណ៌​ដោយ​បញ្ញា​ ​តាំងនៅ​ក្នុង​អធ្យាស្រ័យ​ដ៏​ធំ​ ​រមែង​កាត់​បង់​នូវ​គល់​ ​និង​ចុង​ ​នៃ​សត្រូវ​ទាំងឡាយ​បាន​។​ ​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​នៃ​មនុស្ស​ ​ដូចយ៉ាង​ព្រះឥន្ទ្រ​ក៏​មិន​ប្រហែស​ក្នុង​ការ​ខ្មីឃ្មាត​ដែរ​ ​លោក​ធ្វើ​នូវ​ការ​ព្យាយាម​ចំពោះ​កម្ម​ដ៏​ល្អ​ ​ទាំង​ធ្វើ​ព្រះ​ហ្ឫទ័យ​ក្នុង​ការ​ខ្មីឃ្មាត​ ​(​ជាដរាប​)​។​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់