បុរស ទោះបីឲ្យនូវផែនដី ដែលពេញដោយទ្រព្យ ដល់ស្ត្រីដែលសន្មតហើយ ស្រីនោះលុះបានឱកាស រមែងមើលងាយប្រុសនោះវិញ (ព្រោះហេតុនោះ) បុរសមិនត្រូវលុះអំណាចនៃស្រីទាំងនោះឡើយ។ ពួកស្រីរមែងលះបង់នូវប្តីក្មេង ដែលជាអ្នកមានព្យាយាមក្រោកឡើង មានការប្រព្រឹត្តិមិនរួញរា គួរជាទីស្រឡាញ់ពេញចិត្តផង លះបង់នូវប្តីនោះ ព្រោះកិច្ចដែលមានអន្តរាយផង ព្រោះហេតុនោះ ខ្ញុំមិនទុកចិត្តចំពោះស្រីទាំងឡាយទេ។ បុរសមិនត្រូវទុកចិត្តស្រីដោយគិតថា ស្រីនោះចង់បានអញ មិនត្រូវទុកចិត្តស្រីដោយគិតថា ស្រីនោះ យំរំជែចំពោះអញ (ដូច្នេះទេ) ព្រោះថា ស្រីទាំងនោះ រមែងគប់រកនូវបុរស ទាំងជាទីស្រឡាញ់ ទាំងមិនជាទីស្រឡាញ់ ដូចទូកជួបប្រទះទាំងច្រាំងខាងអាយ និងច្រាំងខាងនាយ។ បុគ្គលមិនត្រូវទុកចិត្តមែកឈើចាស់ ដែលគេក្រាលទុកទេ មិនត្រូវទុកចិត្តចោរជើងចាស់ជាមិត្តទេ មិនត្រូវទុកចិត្តថា ព្រះរាជា ជាសំឡាញ់របស់អញដូច្នេះទេ មិនត្រូវទុកចិត្តស្រីជាមាតារបស់បុត្ត ១០ នាក់ (យាយចាស់) ទេ។ បុគ្គលមិនត្រូវទុកចិត្តចំពោះពួកនារីអ្នកធ្វើនូវសេចក្តីត្រេកអរ អ្នកកន្លងសីលធម៌ មិនសង្រួមទេ