ចំណែកព្រះបាទនេមិរាជអង្គនោះ លុះព្រះឥន្រ្ទាធិរាជធ្វើឱកាសហើយ ក៏ទ្រង់ត្រាស់សួរនូវទេវរាជឈ្មោះវាសវៈថា បពិត្រទេវរាជជាឥស្សរៈជាងសព្វសត្វទាំងឡាយ ខ្ញុំសូមសួរព្រះអង្គថា ទានក្តី ព្រហ្មចរិយៈក្តី កុសលណាមានផលច្រើនជាង។ ព្រះវាសវៈនោះ ដែលព្រះបាទនេមិ ជានរទេពសួរហើយ ក៏ឆ្លើយតបព្រះបាទនេមិវិញ ព្រះវាសវៈនោះ ប្រាប់នូវផលនៃព្រហ្មចិរយៈ បានទូលព្រះបាទនេមិ ដែលមិនជ្រាបថា បុគ្គលកើតក្នុងត្រកូលក្សត្រដោយព្រហ្មចរិយៈថោកទាប(១) ដល់នូវភាពជាទេវតាដោយព្រហ្មចរិយៈជាកណ្តាល(២) បរិសុទ្ធស្អាតដោយព្រហ្មចរិយៈខ្ពង់ខ្ពស់(៣)។ ពួកអ្នកបួស ប្រព្រឹត្តតបៈទាំងឡាយ ទៅកើតក្នុងពួកព្រហ្មណា ពួកព្រហ្មទាំងនុ៎ះ បុគ្គលអ្នកប្រកបក្នុងការសូមណាមួយ មិនងាយបានសោះទេ។
(១)-(៣) តាមសេចក្តីយល់របស់សក្កទេវរាជពោលតាមពាហិរសាសនាថា សីលដែលគ្រាន់តែវៀរចាកមេថុន ហៅថា ព្រហ្មចរិយៈថោកទាប អាចញុំាងបុគ្គលឲ្យទៅកើតក្នុងត្រកូលក្សត្រ។ ឧបចារជ្ឈាន ហៅថា ព្រហ្មចរិយៈជាកណ្តាល អាចញុំាងបុគ្គលឲ្យទៅកើតជាទេវតា។ សមាបត្តិប្រាំបី ហៅថា ព្រហ្មចរិយៈខ្ពង់ខ្ពស់ អាចញុំាងបុគ្គលឲ្យទៅកើតក្នុងព្រហ្មលោក។ ពួកពាហិរសាសនាសំដៅយកព្រហ្មលោកនោះ ថាជានិព្វាន។ ពុទ្ធសាសនាថា ព្រហ្មចរិយៈរបស់ភិក្ខុ ដែលមានសីលបរិសុទ្ធ តែប្រាថ្នាយកទេពនិកាយណាមួយ ចាត់ជាព្រហ្មចរិយៈថោកទាប សមាបត្តិប្រាំបី ចាត់ជាព្រហ្មចរិយៈកណ្តាល អរហត្តមគ្គ ចាត់ជាព្រហ្មចរិយៈខ្ពង់ខ្ពស់។