[១៣៤] រាជសេវកៈត្រូវចិញ្ចឹមមាតា និងបិតា ត្រូវមានសេចក្តីគោរពចំពោះបុគ្គលជាធំក្នុងត្រកូល មានវាចាផ្អែមល្ហែម ពោលពាក្យម៉ត់ហ្មង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ សេវកៈត្រូវមានសណ្តាប់ធ្នាប់ មានសិល្បសាស្ត្រ មានឥន្ទ្រិយទូន្មានហើយ មានខ្លួនធ្វើហើយ (ចេះស្ទាត់) ជាអ្នកនឹងនួន មានអធ្យាស្រ័យទន់ភ្លន់ មិនធ្វេសប្រហែស ជាអ្នកស្អាត ទាំងឈ្លាសវៃ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈត្រូវមានសេចក្តីប្រព្រឹត្តិឱនលំទោន កោតក្រែងគោរពចំពោះបុគ្គលចំរើន (ដោយវយ័ជាដើម) ជាអ្នកស្លូតត្រង់ នៅរួមជាសុខ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ គប្បីវៀរឲ្យឆ្ងាយចេញនូវជន ដែលព្រះរាជាដទៃបញ្ជូនមក ដើម្បីការស្ងាត់កំបាំង គប្បីរំពៃមើលចំពោះព្រះរាជាជាម្ចាស់ (របស់ខ្លួន) មិនត្រូវនិយាយចំពោះព្រះរាជាដទៃទេ។
[១៣៥] រាជសេវកៈ គប្បីគប់រកចំពោះសមណៈ និងព្រាហ្មណ៍ អ្នកមានសីល ជាពហុស្សូតដោយគោរព រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ គួរប្រព្រឹត្តតាមពួកសមណៈ និងព្រាហ្មណ៍អ្នកមានសីល ជាពហុស្សូតដោយគោរព រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។