អញ្ជើញ​អ្នក​ចូល​ទៅ​ខាងក្នុង សេចក្តី​ចំរើន​ (ចូរ​មាន​) ដល់​អ្នក​ អ្នក​ចូរ​លាង​ជើង​ទាំងឡាយ​របស់​អ្នក។ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​បរិភោគ​ផ្លែឈើ​យ៉ាង​ឆ្ងាញ់​ៗដូច​ទឹកឃ្មុំ គឺ​ផ្លែ​ទន្លាប់ ទ្រយឹង មាក់ប្រាង មាក់ដោក។ ទឹក​ត្រជាក់​នេះ ដង​មក​អំពី​ជ្រោះ​ភ្នំ ម្នាល​មហា​ព្រាហ្មណ៍ អ្នក​ចូរ​ផឹកទឹក​នេះ​ចុះ បើ​អ្នក​ប្រាថ្នា​ចង់​ផឹក។ យើង​សូម​សួរ​អ្នក​ អ្នក​បាន​មកដល់​ព្រៃធំ​ដោយ​រឿង​ដូចម្តេច ឬដោយហេតុ​ដូចម្តេច​ អ្នក​កាលបើ​យើង​សួរ​ហើយ ចូរ​ប្រាប់​រឿង​នោះ។
 [៣៧២​] (សក្កទេវរាជ​…) ផ្លូវទឹក​ដ៏​ពេញ​ប្រៀប​ មិន​អស់​ទៅ​សព្វកាល​យ៉ាងណាមិញ ទូលបង្គំជាខ្ញុំ មក​ដើម្បី​សូមទាន​ព្រះអង្គ ទូលបង្គំជាខ្ញុំ​សូម​ហើយ​ សូម​ព្រះអង្គ​ប្រទាន​ភរិយា ក៏​យ៉ាងនោះ​ដែរ។
 [៣៧៣​] (ព្រះ​មហាសត្វ​…) ម្នាល​ព្រាហ្មណ៍​ យើង​ឲ្យ​របស់​ដែល​អ្នក​សូម​នឹង​យើង យើង​មិន​រួញរា​ទេ យើង​មិន​លាក់លៀម​វត្ថុ​ដែល​មាន​ ចិត្ត​របស់​យើង​ត្រេកអរ​ក្នុង​ទាន។
 [៣៧៤​] (អភិ​សម្ពុទ្ធ​គាថា​) ព្រះបាទ​វេស្សន្តរ​ ជា​អ្នក​ញ៉ាំង​ពួក​អ្នក​សិវិ​រាស្រ្ត​ឲ្យ​ចំរើន ចាប់ដៃ​នាង​មទ្រី និង​កុ​ណ្ខី​ទឹក ហើយ​បាន​ដាក់ទាន​ដល់​ព្រាហ្មណ៍។ កាលដែល​ព្រះ​វេស្សន្តរ ទ្រង់​លះបង់​ព្រះនាងមទ្រី ហេតុ​ដែល​គួរ​ស្ញប់ស្ញែង ក៏​កើតមាន​ក្នុង​កាលនោះ​ សេចក្តី​ព្រឺរោម ក៏​កើតមាន​ក្នុង​កាលនោះ ផែនដី​ក៏​ញាប់ញ័រ។
ថយ | ទំព័រទី ១៩០ | បន្ទាប់