បុគ្គលរមែងមិនជឿធម៌ដែលខ្លួនដឹងដោយខ្លួនឯងហើយ ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួនហើយ (អំពីសំណាក់) របស់បុគ្គលណាមួយ ទោះជាសមណៈដទៃក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅជាធម្មតា។ ពិតណាស់ ពាក្យនុ៎ះ ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ អ្នកជឿដែរឬ ថា សទ្ធិន្រ្ទិយដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ (ព្រះសារីបុត្រក្រាបទូលថា) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនលុះក្នុងការជឿតាមព្រះមានព្រះភាគក្នុងហេតុនុ៎ះថា សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ដូច្នេះទេ បពិត្រព្រះអង្គដ៏ចំរើន គុណជាត មានសទ្ធិន្រ្ទិយ ជាដើមនុ៎ះ ដែលពួកជនណា មិនដឹង មិនឃើញ មិនយល់ មិនបានធ្វើឲ្យជាក់ច្បាស់ មិនប៉ះពាល់ដោយប្រាជ្ញាតាមពិតទេ ពួកជនទាំងនោះ គប្បីលុះក្នុងការជឿតាមពួកជនដទៃក្នុងហេតុនោះថា
