ថា នេះពួកធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំងឡាយ ដែលព្រះអង្គជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ពោល ពោលទួទៅ ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសទុកហើយថា (តថាគតដឹងច្បាស់) នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញនូវផស្សាយតនៈទាំង ៦ ផង បណ្តាឧបាទានក្ខន្ធទាំង ៥ មហាភូតរូបទាំង ៤ វត្ថុណាមួយ មានកិរិយាកើតឡើងជាធម្មតា វត្ថុទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពិតណាស់ ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ដើម្បីត្រាស់ដឹង មិនមែនសំដែងដើម្បីមិនឲ្យត្រាស់ដឹងទេ ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ប្រកបដោយហេតុ មិនមែនសំដែងឥតហេតុទេ ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ប្រកបដោយបាដិហារិយ៍ (ធម៌ជាគ្រឿងស្រោចស្រង់) មិនមែនសំដែងឥតបាដិហារិយ៍ទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតនោះ សំដែងធម៌ដើម្បីត្រាស់ដឹង មិនសំដែងដើម្បីមិនត្រាស់ដឹងទេ កាលតថាគតសំដែងធម៌ប្រកបដោយហេតុ មិនសំដែងឥតហេតុ កាលតថាគតសំដែងធម៌ប្រកបដោយបាដិហារិយ៍ មិនសំដែងឥតបាដិហារិយ៍ ឱវាទ បុគ្គលគួរធ្វើ អនុសាសនី ក៏បុគ្គលគួរធ្វើ