បុគ្គលដែលគេមិនគួរខ្ពើម តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សា ក្នុងសិក្ខាបទទាំងឡាយ នេះហៅថា បុគ្គលដែលគេមិនគួរខ្ពើម។ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ មិនច្រើនដោយសេចក្តីចង្អៀតចង្អល់ បើទុកជាគេនិយាយច្រើន ក៏មិនចាប់ថ្នាក់ មិនខឹង មិនគុំគួន មិនតបត មិនធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ឲ្យប្រាកដ នេះហៅថា បុគ្គលដែលគេមិនគួរខ្ពើម។ មួយវិញទៀត បុគ្គលជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក មិនលុបគុណគេ មិនវាយឫកស្មើ មិនច្រណែន មិនកំណាញ់ មិនអួតអាង មិនមានមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនមានសេចក្តីយល់ខុស មិនប្រកាន់តាមសេចក្តីយល់របស់ខ្លួន មិនប្រកាន់មាំ ជាអ្នកលះបង់បានដោយងាយ នេះហៅថា បុគ្គលដែលគេមិនគួរខ្ពើម។ អរិយបុគ្គលទាំងអស់ រាប់ទាំងកល្យាណបុថុជ្ជន ឈ្មោះថា បុគ្គលដែលគេមិនគួរខ្ពើម ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនមានការឃ្នើសឃ្នង ជាអ្នកដែលគេមិនគួរខ្ពើម។
