សុត្តន្ត​បិដក​
ខុទ្ទ​កនិកាយ មហា​និទ្ទេស​
តតិយ​ភាគ​
---
តុ​វដក​សុត្ត​និទ្ទេស ទី ១៤​
[១] (ព្រះពុទ្ធ​និម្មិត ពោល​ថា​) ខ្ញុំ​សូម​សួ​រនូ​វិវេក​ផង សន្តិបទ​ផង ចំពោះ​ព្រះអង្គ ជា​អាទិច្ចពន្ធុ​ ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ ភិក្ខុ​ឃើញ​ដូចម្តេច ហើយ​ញុំាង​កិលេស​ឲ្យ​រលត់ ទើប​មិន​ប្រកាន់​នូវ​របស់​អ្វី​ក្នុង​លោក។

 [២] អធិប្បាយ​ពាក្យ​ថា​ ខ្ញុំ​សូម​សួរ​ចំពោះ​ព្រះអង្គ ជា​អាទិច្ចពន្ធុ ត្រង់​ពាក្យ​ថា សួរ បាន​ដល់​ការ​សួរ ៣ គឺ​ការ​សួរ​ជា​គ្រឿង​បំភ្លឺ​នូវ​ធម៌​ដែល​មិនទាន់​ឃើញ​ ការ​សួរ​ជា​គ្រឿង​ប្រៀបធៀប​នូវ​ធម៌​ដែល​ឃើញ​ហើយ ការ​សួរ​ជា​គ្រឿង​កាត់សេចក្តី​សង្ស័យ។
 ការ​សួរ​ជា​គ្រឿង​បំភ្លឺ​នៃ​ធម៌ ដែល​មិនទាន់​ឃើញ តើ​ដូចម្ដេច។ លក្ខណៈ​ដែល​បុគ្គល​មិនដឹង​ មិនឃើញ មិន​ថ្លឹង មិន​ត្រិះរិះ មិន​ប្រាកដ មិន​ជាក់ច្បាស់ តាម​ប្រក្រតី បុគ្គល​សួរ​នូវ​ប្រស្នា​ដើម្បី​ការ​ដឹង​ ការ​ឃើញ ការ​ថ្លឹង ការ​ត្រិះរិះ ដើម្បី​ជាក់ច្បាស់​នូវ​លក្ខណៈ​នោះ នេះ ការ​សួរ​ជា​គ្រឿង​បំភ្លឺ​នូវ​ធម៌​ដែល​មិនទាន់​ឃើញ​ហើយ។
ទំព័រទី ១ | បន្ទាប់