ឈ្មោះថា​ មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ទ្រង់​ចែករំលែក​ញែក​នូវ​ធម្មរតនៈ។ ឈ្មោះថា មាន​ព្រះ​ភាគ​ ព្រោះ​ហេតុ​ធ្វើ​នៅទីបំផុត​នៃ​ភព​ទាំងឡាយ។ ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ចំរើន​ព្រះ​កាយ។ ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ចំរើន​សីល ព្រោះ​ហេតុ​ចំរើន​ចិត្ត ព្រោះ​ហេតុ​ចំរើន​បញ្ញា។ មួយទៀត ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ ទ្រង់​គប់​រក​នូវ​សេនាសនៈ​ទាំងឡាយ​ដ៏​ស្ងាត់​ គឺ​ព្រៃតូច និង​ព្រៃធំ ជា​ព្រៃ​មិន​មាន​សំឡេង មិន​មានការ​គឹកកង ជា​ព្រៃ​ប្រាសចាក​ខ្យល់​កាយ​នៃ​ជន​ ជា​ព្រៃ​ស្ងប់ស្ងាត់​ចាក​មនុស្ស សមគួរ​ដល់​ការ​ពួន​សម្ងំ។ ឈ្មោះថា មាន​ព្រះ​ភាគ​ ព្រោះ​ហេតុ​ព្រះមានព្រះភាគ​ទ្រង់​មាន​ភាគ​នៃ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ។ មួយទៀត ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ ទ្រង់​មាន​ភាគ​នៃ​អត្ថរស ធម្មរស​ វិមុត្តិ​រស អធិ​សីស អធិចិត្ត អធិប្បញ្ញា។ មួយទៀត ឈ្មោះថា មាន​ព្រះ​ភាគ​ ព្រោះ​ហេតុ​ព្រះមានព្រះភាគ ទ្រង់​មាន​ភាគ​នៃ​ឈាន ៤ អប្ប​មញ្ញា ៤ អរូប​សមាបត្តិ ៤។ មួយទៀត​ ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ ទ្រង់​មាន​ភាគ​នៃ​វិមោក្ខធម៌ ៨ អភិ​ភាយ​តនៈ​ ៨ អនុ​បុព្វ​វិហារ​សមាបត្តិ ៩។ មួយទៀត ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ​ ទ្រង់​មាន​ភាគ​នៃ​សញ្ញា​ភាវនា ១០ កសិណ​សមាបត្តិ ១០ អា​នា​បាន​ស្ស​តិ សមាធិ អសុភ​សមាបត្តិ។
ថយ | ទំព័រទី ១២ | បន្ទាប់