មុនិ​គប្បី​ជា​អ្នកមាន​សច្ចៈ ជា​អ្នក​មិន​ឃ្នើសឃ្នង មិន​មាន​មាយា​ មាន​ពាក្យ​ញុះញង់​លះបង់​ហើយ ជា​អ្នក​មិន​ក្រោធ រមែង​ឆ្លងផុត​លោភៈ​ដ៏​លាមក និង​សេចក្តី​កំណាញ់​បាន។
[១២៣​] ជន​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​ គប្បី​គ្រប​សង្កត់​នូវ​ការ​ដេកលក់ នូវ​ការ​ខ្ជិល នូវ​ការ​រួញរា មិន​គប្បី​នៅ​រួម​ដោយ​សេចក្តី​ប្រហែស​ មិន​គប្បី​តាំងនៅ​ក្នុង​ការ​មើលងាយ​ឡើយ។

 [១២៤​] អធិប្បាយ​ពាក្យ​ថា​ គប្បី​គ្រប​សង្កត់​នូវ​ការ​ដេកលក់ នូវ​ការ​ខ្ជិល នូវ​ការ​រួញរា ត្រង់​ពាក្យ​ថា ការ​ដេកលក់ បានខាង​ភាព​នៃ​កាយ​ឈឺចាប់​ ភាព​នៃ​កាយ​មិន​គួរ​ដល់​ការងារ ការ​ទន់ទោរ​ចុះ ការ​ងោក​ងក់ ការ​ងុយ​ស្រឡេត​ខាងក្នុង​សន្តាន​ ការ​ងុយ​ងក់ ការ​លក់ ការ​ញ័រ​ត្របកភ្នែក អាការ​ជាទី​លក់ ភាព​នៃ​ចិត្ត​លក់​ស៊ប់។ ពាក្យ​ថា​ ការ​ខ្ជិល បាន​ដល់ សេចក្តី​ខ្ជិល អាការ​កំ​ជិល ភាព​នៃ​ចិត្ត​ខ្ជិល សេចក្តី​ច្រអូស អាការ​ច្រអូស​ ភាព​នៃ​ចិត្ត​ច្រអូស។ ពាក្យ​ថា ការ​រួញរា បានខាង ភាព​នៃ​ចិត្ត​ឈឺចាប់ ភាព​នៃ​ចិត្ត​មិន​គួរ​ដល់​ការងារ​ អាការ​ជាទី​ធុញថប់ ការ​រួញ​ថយ ការ​កៀច​ក្រាញ អាការ​ជាទី​កៀច​ក្រាញ ភាព​នៃ​ចិត្ត​កៀច​ក្រាញ​ ការ​រួញ អាការ​ជាទី​រួញ ភាព​នៃ​ចិត្ត​រួញ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់