ធីតា​របស់​អញ​ មិត្រ​របស់​អញ​ អាមាត្យ​របស់​អញ​ ញាតិសាលោហិត​របស់​អញ​ ប្រែប្រួល​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) រមែង​មិន​សោក​ស្តាយ​។ ពាក្យ​ថា​ មិន​សញ្ជប់សញ្ជឹង​ គឺ​ មិន​ទ្រមឹងទ្រមើយ​ មិន​ស្រពោន​ស្រពាប់​ មិន​ទង្គឹះ​ មិន​ជ្រប់​ មិន​ស្ញុលស្ញប់​។ ឬថា​ មិនកើត​ មិន​ចាស់​ មិន​ស្លាប់​ មិន​ច្យុត​ មិន​ឧប​បត្តិ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ រមែង​មិន​សោក​ស្តាយ​ មិន​សញ្ជប់សញ្ជឹង​។
 [១៥៦​] ពាក្យ​ថា​ ជា​អ្នកមាន​ខ្សែ​ដាច់​ហើយ​ ជា​អ្នក​មិន​មាន​ចំណង សេចក្តី​ថា​ តណ្ហា​ លោក​ហៅថា​ ខ្សែ​ បាន​ដល់​ រាគៈ​ រាគៈ​មាន​កំឡាំង​។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល​។ តណ្ហា​ ឈ្មោះថា​ខ្សែ​នុ៎ះ​ បុគ្គល​ណា​ បាន​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នក​មាន​ខ្សែ​ដាច់​ហើយ​។ ពាក្យ​ថា ជា​អ្នក​មិន​មាន​ចំណង​ សេចក្តី​ថា​ ចំណង​ ៧ ចំណង​គឺ​រាគៈ​ ១ ចំណង​គឺ​ទោសៈ​ ១ ចំណង​គឺ​មោហៈ​ ១ ចំណង​គឺ​មានះ​ ១ ចំណង​គឺ​ទិដ្ឋិ​ ១ ចំណង​គឺ​កិលេស​ ១ ចំណង​គឺ​ទុច្ចរិត ១។ ចំណង​ទាំង​នុ៎ះ​ បុគ្គល​ណា​បាន​លះបង់ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នក​មិន​មាន​ចំណង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នកមាន​ខ្សែ​ដាច់​ហើយ​ ជា​អ្នក​មិន​មាន​ចំណង​។
ថយ | ទំព័រទី ១៨៧ | បន្ទាប់