ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ដល់​នូវ​ភាព​មិន​មាន​ មិន​ឲ្យ​មានការ​កើត​តទៅ​ជា​ធម្មតា​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នកមាន​ចិត្តស្មើ​ក្នុង​ធម៌​ទាំងពួង​ អ្នក​នឹងធឹង​ក្នុង​ធម៌​ទាំងពួង​ អ្នក​កណ្តាល​ ក្នុង​ធម៌​ទាំងពួង​ អ្នក​ព្រងើយកន្តើយ​ក្នុង​ធម៌​ទាំងពួង​ ក្នុង​កាលនោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​មានការ​ញាប់ញ័រ​ អ្នក​មានចិត្ត​ស្មើ​ក្នុង​ធម៌​ទាំងពួង​។
 [១៧៣​] ពាក្យ​ថា​ តថាគត​ ដែល​ត្រូវ​គេ​សួរ​ អំពី​ពួក​បុគ្គល​អ្នក​មិន​ញាប់ញ័រ​ នឹង​ពោល​នូវ​អានិសង្ស​ (នៃ​ពួក​បុគ្គល​) នោះ គឺ​ តថាគត​ដែល​ត្រូវ​គេ​សួរ​ គេ​ដេញដោល​ គេ​សូម គេ​អារាធនា​ គេ​ជ្រះថ្លា​ អំពី​ពួក​បុគ្គល​អ្នក​មិន​ញាប់ញ័រ​ នឹង​ពោល​ នឹង​សំដែង​ នឹង​ប្រាប់​។បេ។ នឹង​ប្រកាស​នូវ​អានិសង្ស​ ៤ នេះ​ ថា​ បុគ្គល​នោះ​ ជា​អ្នក​មិន​មាន​សេចក្តី​ច្រណែន​ ១ អ្នក​មិន​ប្រាថ្នា​ ១ អ្នក​មិន​មានការ​ញាប់ញ័រ​ ១ អ្នកមាន​ចិត្តស្មើ​ក្នុង​ធម៌​ទាំងពួង​ ១ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តថាគត​ ដែល​ត្រូវ​គេ​សួរ​ អំពី​ពួក​បុគ្គល​អ្នក​មិន​ញាប់ញ័រ​ នឹង​ពោល​នូវ​អានិសង្ស​ (នៃ​ពួក​បុគ្គល​) នោះ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
តថាគត​ដែល​ត្រូវ​គេ​សួរ​ អំពី​ពួក​បុគ្គល​អ្នក​មិន​ញាប់ញ័រ​ នឹង​ពោល​នូវ​អានិសង្ស​ (នៃ​ពួក​បុគ្គល​) នោះ គឺ​បុគ្គល​អ្នក​មិន​មាន​សេចក្តី​ច្រណែន​ អ្នក​មិន​ប្រាថ្នា​ អ្នក​មិន​មានការ​ញាប់ញ័រ​ អ្នកមាន​ចិត្តស្មើ ក្នុង​ធម៌​ទាំងពួង​។
ថយ | ទំព័រទី ២០៥ | បន្ទាប់