[៣៥​] ពាក្យ​ថា គប្បី​រារាំង​ត្រចៀក​ចាក​គាមកថា​ សេចក្តី​ថា តិរច្ឆានកថា ៣២ លោក​ហៅថា គាមកថា។ តិរច្ឆានកថា​នោះ តើ​ដូចម្តេច។ គឺ​និយាយ​អំពី​ព្រះរាជា​ និយាយ​អំពី​ចោរ និយាយ​អំពី​អាមាត្យ​ធំ និយាយ​អំពី​សេនា និយាយ​អំពី​ភ័យ និយាយ​អំពី​ចម្បាំង​ និយាយ​អំពី​បាយ និយាយ​អំពី​ទឹក និយាយ​អំពី​សំពត់ និយាយ​អំពី​យាន និយាយ​អំពី​ទីដេក និយាយ​អំពី​ផ្កាកម្រង​ និយាយ​អំពី​គ្រឿងក្រអូប និយាយ​អំពី​ញាតិ និយាយ​អំពី​ស្រុក និយាយ​អំពី​និគម និយាយ​អំពី​នគរ​ និយាយ​អំពី​ជនបទ និយាយ​អំពី​ស្រ្តី និយាយ​អំពី​បុរស និយាយ​អំពី​យោធា​ដែល​ក្លៀវក្លា​ និយាយ​អំពី​ច្រក និយាយ​អំពី​កំពង់ទឹក និយាយ​អំពី​ញាតិ​ដែល​ចែកឋាន​ទៅកាន់បរលោក​ហើយ​ និយាយ​អំពី​ពាក្យ​ដែល​ឥតប្រយោជន៍​មាន​សភាព​ផ្សេង​ៗ និយាយ​អំពី​លោក និយាយ​អំពី​សមុទ្រ​ និយាយ​អំពី​សេចក្តី​ចំរើន និង​មិន​ចំរើន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ចាក​គាមកថា។ ពាក្យ​ថា គប្បី​រារាំង​ត្រចៀក គឺ​គប្បី​រារាំង ហាមឃាត់ ខាំង​ខា​ រក្សា គ្រប់គ្រង បិទ ផ្តាច់​បង់​នូវ​ត្រចៀក​ចាក​គាមកថា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​រារាំង​ត្រចៀក ចាក​គាមកថា។
 [៣៦​] អធិប្បាយ​ពាក្យ​ថា មិន​គប្បី​ជាប់​ចំពាក់​ក្នុង​រស​ ត្រង់​ពាក្យ​ថា រស គឺ​រស​មើម រស​ដើម រស​សម្បក រស​ស្លឹក រស​ផ្កា រស​ផ្លែ រសជូរ ផ្អែម ល្វីង​ ហឺរ ប្រៃ ខារ ជូរផ្អែម ចត់ ឆ្ងាញ់ មិន​ឆ្ងាញ់ ត្រជាក់ ក្តៅ។
ថយ | ទំព័រទី ៥៤ | បន្ទាប់