បាន​សេចក្តី​ថា​ គប្បី​ត្រាច់​ទៅ គប្បី​នៅ គប្បី​ទៅ គប្បី​ប្រព្រឹត្ត គប្បី​រក្សា គប្បី​យាត្រា គប្បី​ឲ្យ​យាត្រា​ទៅ​ក្នុង​សេនាសនៈ​ ដែល​មិន​មាន​សំឡេង មិន​មានការ​គឹកកង ប្រាសចាក​ខ្យល់​កាយ​នៃ​ជន ជាទី​ស្ងប់ស្ងាត់​ចាក​មនុស្ស​ ជាទី​ដ៏​សមគួរ​ដល់​ការ​ពួន​សម្ងំ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​នៅក្នុង​ទី​អង្គុយ ឬទីដេក​ ដែល​មិន​មាន​សំឡេង។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
ភិក្ខុ​ជា​អ្នកមាន​ឈាន មិន​គប្បី​រពឹស​ដោយ​ជើង គប្បី​វៀរ​ចា​កកុក្កុ​ច្ចៈ (ការ​រពឹស ឬរង្កៀស​) មិន​គប្បី​ប្រហែស​ទេ ម្យ៉ាងទៀត គប្បី​នៅក្នុង​ទី​អង្គុយ ឬទីដេក ដែល​មិន​មាន​សំឡេង។
[៥១​] ភិក្ខុ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ មិន​គប្បី​ធ្វើការ​ដេកលក់​ឲ្យ​ច្រើន​ទេ គប្បី​គប់​រក​នូវ​ការ​ភ្ញាក់រឭក គប្បី​លះបង់​នូវ​សេចក្តី​ខ្ជិលច្រអូស​ មាយា ការ​សើច ការ​លេង មេថុនធម្ម ព្រមទាំង​ការ​ស្អិតស្អាង​ចេញ។

 [៥២​] ពាក្យ​ថា មិន​គប្បី​ធ្វើការ​ដេកលក់​ឲ្យ​ច្រើន​ គឺ​ធ្វើ​យប់ និង​ថ្ងៃ​ឲ្យ​មាន ៦ ចំណែក គប្បី​ភ្ញាក់រឭក ៥ ចំណែក គប្បី​ដេក ១ ចំណែក ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ធ្វើការ​ដេកលក់​ឲ្យ​ច្រើន​ទេ។
ថយ | ទំព័រទី ៧២ | បន្ទាប់