អំពើ​ដ៏​កំបាំង​ ការ​គ្រប​ជិត​ស្និទ្ធ​ កិរិយា​អាក្រក់​ឯណា មាន​សភាព​យ៉ាងនេះ​ នេះ លោក​ហៅថា មាយា។ ពាក្យ​ថា ការ​សើច គឺ​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ សើច​បង្ហាញ​ធ្មេញ​ហួសប្រមាណ។ សម​ដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ការ​សើច​បញ្ចេញ​ធ្មេញ​ហួសប្រមាណ​ឯណា នេះ ជា​អំពើ​របស់​ក្មេង​ក្នុង​អរិយវិន័យ។
 ពាក្យ​ថា ការ​លេង បាន​ដល់​ការ​លេង ២ គឺ​ការ​លេង​ប្រកបដោយ​កាយ ១ ការ​លេង​ប្រកបដោយ​វាចា​ ១។ ការ​លេង​ប្រកបដោយ​កាយ តើ​ដូចម្តេច។ ជន​ទាំងឡាយ លេង​ដំរី​ខ្លះ លេង​សេះ​ខ្លះ លេង​រថ​ខ្លះ​ លេង​ធ្នូ​ខ្លះ លេង​បាស្កា​មាន​ក្រឡា​ប្រាំបី​ខ្លះ លេង​បាស្កា​មាន​ក្រឡា​ដប់​ខ្លះ​ លេង​បាស្កា​ក្នុង​អាកាស​ខ្លះ លេង​វាង​ផ្លូវ​ដែល​គួរ​វាង​ខ្លះ លេង​ផ្ទាត់​គ្រាប់ មាន​គ្រាប់ក្រួស​ជាដើម​ខ្លះ​ លេង​បាស្កា​ក្នុង​លាន​សម្រាប់​លេង​ខ្លះ លេង​ហ៊ឹង​ខ្លះ​ លេង​ដោយ​បាច​ស្លាក​រលាស់​ទឹក​ល័ខ​ជាដើម ឲ្យ​ទាយ​រូប​ខ្លះ លេងអង្គញ់​ខ្លះ លេង​ប៉ី​ស្លឹក​ខ្លះ​ លេង​នង្គ័ល​តូច​ខ្លះ លេង​ដាំដូង​ខ្លះ លេង​កង្ហារ​ខ្លះ លេង​គ្រឿង​វាល់​ដី​ដោយ​ស្លឹក​ខ្លះ​ លេង​រថ​តូច​ខ្លះ លេង​ធ្នូ​តូច​ខ្លះ លេង​ឲ្យ​ទាយ​អក្សរ​ខ្លះ លេង​ទាយ​ចិត្ត (ស្តេច​ចង់​) ខ្លះ លេង​ធ្វើត្រាប់​គេ​ខ្លះ នេះ​ហៅថា​ ការ​លេង​ប្រកបដោយ​កាយ។
ថយ | ទំព័រទី ៧៥ | បន្ទាប់