ដោយ​ពួក​ដង្កូវ​ ឬដោយ​ខ្យល់​កម្រើក។ ពួក​គ្រូពេទ្យ​តែង​ឲ្យ​ឱសថ​ដើម្បី​ការពារ​ពួក​ដង្កូវ ឬខ្យល់​កម្រើក​ ​ពួក​គ្រូពេទ្យ​ធ្វើ​គភ៌ រមែង​ញុំាង​គភ៌​ឲ្យ​តាំងនៅ ដោយ​វិធី​យ៉ាងនេះ។ ពាក្យ​ថា​ ការ​រក្សា​រោគ បាន​ដល់ ការ​រក្សា ៥ គឺ​វេជ្ជកម្ម​ខាង​ស្លាក ១ វេជ្ជកម្ម​ខាង​វះ ១ វេជ្ជកម្ម​ខាង​ការ​រក្សា​កាយ​ ១ វេជ្ជកម្ម​ខាង​ភូត ១ វេជ្ជកម្ម​ខាង​កុមារ ១។ ពាក្យ​ថា អ្នក​រាប់អាន (ព្រះរតនត្រ័យ​) គឺ​អ្នក​រាប់អាន​ព្រះពុទ្ធ រាប់អាន​ព្រះធម៌ រាប់អាន​ព្រះសង្ឃ បុគ្គល​នោះ​ រាប់អាន​ព្រះមានព្រះភាគ ព្រះមានព្រះភាគ​ក៏​លើ​កតំ​កើង​បុគ្គល​នោះ។ សម​ដូច​ព្រះពុទ្ធដីកា​នេះ​ ដែល​ព្រះមានព្រះភាគ ត្រាស់​ហើយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​ភិក្ខុ​ណា ជា​អ្នក​កុហក​ រឹងរូស ពោល​អែបអប មាន​កិលេស​ដូច​ស្នែង មាន​មានះ​ខ្ពស់​ឡើង មានចិត្ត​មិន​តាំង​មាំ​ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងនោះ មិន​ឈ្មោះថា អ្នក​រាប់អាន​តថាគត​ផង​ ភិក្ខុ​ទាំងនោះ ឈ្មោះថា ជា​អ្នក​ប្រាសចាក​ធម្មវិន័យ​នេះ​ផង ភិក្ខុ​ទាំងនោះ​មិនដល់​នូវ​សេចក្តី​ចំរើន​ លូតលាស់​ធំ​ទូលាយ ក្នុង​ធម្មវិន័យ​នេះ​ផង ម្នាល​ភិក្ខុ​ទាំងឡាយ ឯ​ពួក​ភិក្ខុ​ណា ជា​អ្នក​មិន​កុហក​ មិន​ពោល​អែបអប ជា​អ្នកប្រាជ្ញ មិន​រឹងរូស មានចិត្ត​តាំង​មាំ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ទាំងនោះ ឈ្មោះថា​រាប់អាន​តថាគត​ផង ភិក្ខុ​ទាំងនោះ ឈ្មោះថា​មិន​ប្រាសចាក​ធម្មវិន័យ​នេះ​ផង​ ភិក្ខុ​ទាំងនោះ រមែង​ដល់​នូវ​សេចក្តី​ចំរើន​លូតលាស់ ធំ​ទូលាយ ក្នុង​ធម្មវិន័យ​នេះ​ផង។
ថយ | ទំព័រទី ៨២ | បន្ទាប់