ភិក្ខុ​លើកខ្លួន​ឯង​ឲ្យ​ខ្ពស់​ ដាក់​បុគ្គល​ដទៃ​ឲ្យ​ទាប ពោល​រាក់ទាក់​នឹង​ជន តើ​ដូចម្តេច។ ភិក្ខុ​ពោល​ថា អាត្មា​មាន​ឧបការៈ​ច្រើន​ ដល់​អ្នក​ទាំងឡាយ អ្នក​ទាំងឡាយ​អាស្រ័យ​នឹង​អាត្មា ទើបដល់​ព្រះពុទ្ធ​ជាទី​ពឹង​ ដល់​ព្រះធម៌​ជាទី​ពឹង ដល់​ព្រះសង្ឃ​ជាទី​ពឹង វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន​ វៀរចាក​កា​មេ​សុ​មិច្ឆា​ចា​រៈ វៀរចាក​មុសា​វា​ទ វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ គឺ​ផឹកសុរា និង​មេរ័យ អាត្មា​ឲ្យ​ឧទេ្ទស ឲ្យ​បរិ​បុច្ឆា ប្រាប់​ឧបោសថ អធិដ្ឋាន​នូវ​នវកម្ម​ ដល់​អ្នក​ទាំងឡាយ ម្យ៉ាងទៀត អ្នក​ទាំងឡាយ មិនសមបើ​បោះបង់​អាត្មា​ចោល ទៅ​ធ្វើសក្ការៈ​ ធ្វើ​គោរព រាប់អាន បូជា​បុគ្គល​ដទៃ​វិញ​សោះ ភិក្ខុ​លើកខ្លួន​ឯង​ឲ្យ​ខ្ពស់ ដាក់​បុគ្គល​ដទៃ​ឲ្យ​ទាប​ ពោល​រាក់ទាក់​នឹង​ជន​ដទៃ យ៉ាងនេះ​ឯង។ ពាក្យ​ថា មិន​គប្បី​ពោល​រាក់ទាក់​នឹង​ជន ព្រោះ​ប្រាថ្នា​លាភ​ បាន​សេចក្ដី​ថា ភិក្ខុ​បង្អាប់​នូវ​លាភ មិន​រាក់ទាក់​នឹង​ជន​ព្រោះហេតុតែ​លាភ ព្រោះ​ការណ៍​នៃ​លាភ​ ព្រោះ​ការ​កើត​នៃ​លាភ គឺ​គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​ នូវ​ការ​ពោល​រាក់ទាក់ គប្បី​ជា​អ្នក​ឆ្ងាយ វៀរ វៀរ​ស្រឡះ ឃ្លាតចាក រលាស់ចោល រួច​ស្រឡះ​ ប្រាស​ចេញ ចាក​ការ​រាក់ទាក់ នៅ​ដោយ​ចិត្ដ​ដែល​ប្រាសចាក​ដែន​គឺ​កិលេស ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ពោល​រាក់ទាក់​នឹង​ជន ព្រោះ​ប្រាថ្នា​លាភ។
ថយ | ទំព័រទី ៩៤ | បន្ទាប់