[៤០៤​] ពាក្យ​ថា អ្នក​នឹងជា​បុគ្គល​ស្ងប់​ត្រាច់​ទៅ​ គឺ​ឈ្មោះថា អ្នក​ស្ងប់ ព្រោះ​ស្ងប់​រាគៈ ឈ្មោះថា​អ្នក​ស្ងប់ ព្រោះ​ស្ងប់​ទោសៈ​ ឈ្មោះថា​អ្នក​ស្ងប់ ព្រោះ​ស្ងប់​មោហៈ ឈ្មោះថា​អ្នក​ស្ងប់ ស្ងប់​រម្ងាប់ រម្ងាប់​សូន្យ រលត់​ រសាយ រលាយ ព្រោះ​ស្ងប់ រម្ងាប់ រម្ងាប់​សូន្យ ផុត​រំលត់ ទៅ​ប្រាស រសាយ រលាយ នូវ​កោ​ធៈ ឧបនាហៈ។បេ។ អភិសង្ខារ​ជាអកុសល​ទាំងពួង ហើយនឹង​ត្រាច់​ទៅ ត្រាច់​ទៅ​ផ្សេង​ៗ ប្រព្រឹត្ត រក្សា យាត្រា យាត្រា​ទៅ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​នឹងជា​បុគ្គល​ស្ងប់​ត្រាច់​ទៅ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
កិលេសជាត​ណា (ធ្លាប់​មាន​ហើយ​) ក្នុង​កាលមុន អ្នក​ចូរ​ញ៉ាំង​កិលេសជាត​នោះ ឲ្យ​រីងស្ងួត​ទៅ​ កង្វល់​ខាងក្រោយ កុំ​មានដល់​អ្នក​ឡើយ បើ​អ្នក​នឹង​មិន​កាន់​យក​ខន្ធ​ជា​កណ្តាល​ទេ អ្នក​នឹងជា​បុគ្គល​ស្ងប់ ត្រាច់​ទៅ។
[៤០៥​] ម្នាល​ព្រាហ្មណ៍ បុគ្គល​តែង​លុះអំណាច​មច្ចុ​ ដោយ​អាសវៈ​ទាំងឡាយ​ណា អាសវៈ (ទាំងនោះ​) របស់​បុគ្គល​ដែល​ប្រាសចាក​តម្រេក​ក្នុងនាម​រូប ដោយ​ប្រការ​ទាំងពួង​នោះ មិន​មាន​ទេ។

 [៤០៦​] អធិប្បាយ​ពាក្យ​ថា ម្នាល​ព្រាហ្មណ៍​ ...ដែល​ប្រាសចាក​តម្រេក​ក្នុងនាម​រូប ដោយ​ប្រការ​ទាំងពួង ត្រង់​ពាក្យ​ថា​ ដោយ​ប្រការ​ទាំងពួង គឺ​គ្រប់​ទាំងអស់ សព្វ​ទាំងអស់ មិន​មាន​សល់ ឥត​សេសសល់។
ថយ | ទំព័រទី ៣១៦ | បន្ទាប់