ជនទាំងនោះ ដែលព្រះពុទ្ធទ្រង់ជាផៅពង្សនៃព្រះអាទិត្យមានចក្ខុ បានឲ្យត្រេកអរហើយ ក៏បានប្រព្រឹត្តព្រហ្មចរិយៈក្នុងសំណាក់ព្រះសាស្តា មានប្រាជ្ញាប្រសើរ។
[១២៨] សេចក្តីនៃប្រស្នាមួយៗ ដែលព្រះពុទ្ធសំដែងហើយយ៉ាងណា បើបុគ្គលណា ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលនោះ នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន។
[១២៨] សេចក្តីនៃប្រស្នាមួយៗ ដែលព្រះពុទ្ធសំដែងហើយយ៉ាងណា បើបុគ្គលណា ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលនោះ នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន។
[១២៩] ពាក្យថា នៃប្រស្នាមួយៗ គឺ នៃប្រស្នាអជិតមាណពមួយៗ នៃប្រស្នាតិស្សមេត្តេយ្យមាណពមួយៗ។បេ។ នៃប្រស្នាបិង្គិយមាណពមួយៗ ហេតុនោះ (លោកពោលថា) នៃប្រស្នាមួយៗ។
[១៣០] ពាក្យថា ដែលព្រះពុទ្ធសំដែងហើយយ៉ាងណា ត្រង់ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគ។បេ។ បញ្ញត្តិថា ព្រះពុទ្ធនេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា ដែលព្រះពុទ្ធសំដែងហើយយ៉ាងណា សេចក្តីថា ដែលព្រះពុទ្ធប្រាប់ សំដែង តែងតាំង តាំងផ្ដើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសហើយ យ៉ាងណា ហេតុនោះ (លោកពោលថា) ដែលព្រះពុទ្ធសំដែងហើយ យ៉ាងណា។