[១៣៥​] ពាក្យ​ថា មគ្គ ក្នុង​បទ​ថា កាល​ចម្រើន​មគ្គ​ដ៏​ឧត្តម​ សេចក្តី​ថា​ មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ​ គឺ ប្រាជ្ញា​យល់ឃើញ​ត្រូវ​។បេ​។ ការ​តម្កល់ចិត្ត​ឲ្យ​នឹង​ត្រូវ លោក​ហៅថា​ មគ្គ។ ពាក្យ​ថា ដ៏​ឧត្តម គឺ ដ៏​លើស ដ៏​ប្រសើរ ដ៏​ប្រសើរ​វិសេស ជា​ប្រធាន ឧត្តម​ ថ្លៃថ្លា ហេតុ​នោះ (លោក​ពោល​ថា​) មគ្គ​ដ៏​ឧត្តម។ ពាក្យ​ថា កាល​ចម្រើន គឺ កាល​ចម្រើន កាល​សេព កាល​ធ្វើឲ្យ​ច្រើន​ ហេតុ​នោះ​ (លោក​ពោល​ថា​) កាល​ចម្រើន​មគ្គ​ដ៏​ឧត្តម។
 [១៣៦​] ពាក្យ​ថា មគ្គ​នោះ​ តែង​ប្រព្រឹត្តទៅ​ដើម្បី​ទៅកាន់​ត្រើយ​ សេចក្តី​ថា ឈ្មោះថា​មគ្គ បាន​ដល់​ តម្រាយ គន្លង​ ប្រទេស​សម្រាប់​ទៅ​ដោយ​ជើង ទីសម្រាប់​ដើរ​ ទី​សម្រាប់​ដើរទៅដើរមក​ ទូក ស្ពាន​សម្រាប់​ឆ្លង ផែ​ ពោងពាយ។ ពាក្យ​ថា ដើម្បី​ទៅកាន់​ត្រើយ​ គឺ ដើម្បី​ទៅកាន់​ត្រើយ ដើម្បី​ដល់​ព្រម​នូវ​ត្រើយ ដើម្បី​ដល់​ឆាប់​នូវ​ត្រើយ​ គឺថា ដើម្បី​ឆ្លង​ជរា​ និ​ងមរណៈ ហេតុ​នោះ​ (លោក​ពោល​ថា​) មគ្គ​នោះ​ តែង​ប្រព្រឹត្តទៅ​ ដើម្បី​ទៅកាន់​ត្រើយ។
 [១៣៧​] ពាក្យ​ថា ហេតុ​នោះ ក្នុង​បទ​ថា ហេតុ​នោះ (លោក​ពោល​ថា​) បារាយ​នៈ ដោយ​ប្រការ​ដូច្នេះ គឺ​ព្រោះហេតុនោះ ព្រោះ​ដំណើរ​នោះ ព្រោះ​ដូច្នោះ​ ព្រោះហេតុនោះ ព្រោះ​បច្ច័យ​នោះ ព្រោះ​និទាន​នោះ។
ថយ | ទំព័រទី ១១៨ | បន្ទាប់