កាលមិនដឹង ពោលថាខ្ញុំដឹងក្តី កាលដឹង ពោលថាខ្ញុំមិនដឹងក្តី កាលមិនឃើញ ពោលថាខ្ញុំឃើញក្តី កាលឃើញ ពោលថាខ្ញុំមិនឃើញក្តី ពោលសម្បជានមុសាវាទ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុតែសំណូកណាមួយក្តី នេះលោកហៅថា ពាក្យមុសា។ មួយទៀត ការពោលមុសាដោយអាការ ៣ គឺ មុនដំបូង មុសាវាទរបស់បុគ្គលនោះថា អញនឹងពោលមុសា ១ មុសាវាទរបស់បុគ្គលកំពុងពោលថា អញកំពុងពោលមុសា ១ មុសាវាទរបស់បុគ្គលពោលរួចហើយថា អញពោលមុសាហើយ ១ នេះការពោលមុសាដោយអាការ ៣។ មួយទៀត ការពោលមុសាដោយអាការ ៤ យ៉ាង គឺ មុនដំបូង មុសាវាទរបស់បុគ្គលនោះថា អញនឹងពោលមុសា ១។បេ។ ការពោលមុសាដោយអាការ ៥ ដោយអាការ ៦ ដោយអាការ ៧ ដោយអាការ ៨ គឺ មុនដំបូង មុសាវាទរបស់បុគ្គលនោះថា អញនឹងពោលមុសា ១ មុសាវាទរបស់បុគ្គលកំពុងពោលថា អញកំពុងពោលមុសា ១ មុសាវាទរបស់បុគ្គលពោលរួចហើយថា អញពោលមុសាហើយ ១ ពោលបិទបាំងទិដ្ឋិ ១ បិទបាំងខន្ដី ១ បិទបាំងសេចក្តីគាប់ចិត្ត ១ បិទបាំងសញ្ញា ១ បិទបាំងសេចក្តីពិត ១ នេះការពោលមុសាដោយអាការ ៨។