បុគ្គល​អ្នក​ស្មើ​នឹងគេ​មាន​មានះ​ថា​ អញ​ខ្ពង់ខ្ពស់​ ១ បុគ្គល​អ្នក​ស្មើនឹង​គេ​មាន​មានះ​ថា​អញ​ស្មើ​ ១ បុគ្គល​អ្នក​ស្មើ​នឹងគេ​ មាន​មានះ​ថា​អញ​ថោកទាប​ ១ បុគ្គល​អ្នក​ថោកទាប​មាន​មានះ​ថា​ អញ​ខ្ពង់ខ្ពស់​ ១ បុគ្គល​អ្នក​ថោកទាប​ មាន​មានះ​ថា​អញ​ស្មើ​ ១ បុគ្គល​អ្នក​ថោកទាប​មាន​មានះ​ថា​ អញ​ថោកទាប ១។ មានះ​ដោយ​ប្រការ ១០ គឺ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​ជាតិ​ ឬគោត្រ​ ឬការ​កើតជា​កូន​អ្នកមាន​ត្រកូល​ ១ ព្រោះ​ភាព​ជា​អ្នកមាន​រូបល្អ​ ១ ព្រោះ​ទ្រព្យ​ ១ ព្រោះ​ការ​រៀន​ ១ ព្រោះ​ការងារ​ ១ ព្រោះ​សិល្បៈ​ ១ ព្រោះ​ទីតាំង​នៃ​វិជ្ជា​ ១ ព្រោះ​ការចេះដឹង​ ១ ព្រោះ​សេចក្តី​ឆ្លៀវឆ្លាស​ ១ ព្រោះ​វត្ថុ​ណាមួយ​ ១ ការ​មើលងាយ​ អាការ​នៃ​ការ​មើលងាយ ភាព​នៃ​ការ​មើលងាយ ការ​លើក​កំពស់ ការ​ប្រកាន់​ខ្ពស់ ការ​ផ្គង​ចិត្ត​ ភាព​នៃ​ចិត្ត​ប្រាថ្នា​ដូច​ទង់ មាន​សភាព​យ៉ាងនេះ​ឯណា នេះ​លោក​ហៅថា មានះ។ ពាក្យ​ថា មក្ខៈ​ បាន​ដល់​សេចក្តី​លុបគុណ​ អាការ​លុបគុណ ភាព​នៃ​សេចក្តី​លុបគុណ អំពើ​នៃ​សេចក្តី​ច្រណែន នេះ​លោក​ហៅថា មក្ខៈ។ មានះ​ និ​ងមក្ខៈ​ ព្រះពុទ្ធ​មាន​ព្រះ​ភាគ​បាន​លះបង់ គាស់រំលើង​ឫសគល់ ធើ្វ​ឲ្យ​មានតែ​ទីនៅ​ដូចជា​ទីនៅ​នៃ​ដើមត្នោត ឲ្យ​ដល់​នូវ​ការ​មិន​មាន​ទី​កើត​ មិន​ឲ្យ​មាន​កិរិយា​កើត​តទៅ​ជា​ធម្មតា ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា​ លះបង់​មានះ​ និ​ងមក្ខៈ ហេតុ​នោះ​ (លោក​ពោល​ថា​) លះបង់​មានះ​ និ​ងមក្ខៈ​ហើយ។
ថយ | ទំព័រទី ១២៩ | បន្ទាប់