[១៤​] ពាក្យ​ថា ឧបេក្ខា ក្នុង​បទ​ថា ឧបេក្ខា និង​សតិ​ដ៏​បរិសុទ្ធ បាន​ដល់​ការ​ព្រងើយ​ អាការ​ព្រងើយ អាការ​នៃ​ចិត្តសោះអង្គើយ ការ​ស្ងប់ចិត្ត សេចក្តី​ថ្លា​ស្អាត​នៃ​ចិត្ត​ ភាព​នៃ​ចិត្ត​ជា​កណ្តាល​ ក្នុង​ចតុត្ថជ្ឈាន។ ពាក្យ​ថា សតិ​ បាន​ដល់​ស្មារតី ការ​រលឹក​រឿយ​ៗ។បេ។ ការ​រលឹក​ដោយ​ប្រពៃ​ ប្រារព្ធ​ឧបេក្ខា​ក្នុង​ចតុត្ថជ្ឈាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ឧបេក្ខា និង​សតិ។ ពាក្យ​ថា​ បរិសុទ្ធ បាន​ដល់ ឧបេក្ខា និង​សតិ​ក្នុង​ចតុត្ថជ្ឈាន ជា​ធម្មជាតិ​ដ៏​ស្អាត​ ស្អាត​ព្រម ផូរផង់ មិន​មាន​ទីទួល​ គឺ​កិលេស ប្រាសចាក​ឧបក្កិលេស​ ជា​ធម្មជាតិ​ទន់ភ្លន់ គួរ​ដល់​ការងារ​ ជា​ធម្មជាតិ​នឹងធឹង ដល់​នូវ​ការ​មិន​កម្រើក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ឧបេក្ខា និង​សតិ​ដ៏​បរិសុទ្ធ។
 [១៥​] ពាក្យ​ថា​ ការ​ត្រិះរិះ​ធម៌​ស្ទុះ​ទៅ​មុន​ សេចក្តី​ថា សម្មាសង្កប្បៈ លោក​ហៅថា​ ការ​ត្រិះរិះ​ធម៌។ សម្មាសង្កប្បៈ​នោះ​ ជា​ខាងដើម ជា​ខាងមុខ ជា​ប្រធាន​នៃ​អញ្ញា​វិមោក្ខ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ការ​ត្រិះរិះ​ធម៌​ស្ទុះ​ទៅ​មុន​ យ៉ាងនេះ​ក៏បាន។ មួយទៀត សម្មាទិដ្ឋិ លោក​ហៅថា​ ការ​ត្រិះរិះ​ធម៌។ សម្មាទិដ្ឋិ​នោះ​ ជា​ខាងដើម​ ជា​ខាងមុខ ជា​ប្រធាន​នៃ​អញ្ញា​វិមោក្ខ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ការ​ត្រិះរិះ​ធម៌​ស្ទុះ​ទៅ​មុន​ យ៉ាងនេះ​ក៏បាន។ ឬថា វិបស្សនា​ក្នុង​ចំណែកខាង​ដើម​នៃ​មគ្គ​ទាំង ៤ លោក​ហៅថា​ ការ​ត្រិះរិះ​ធម៌។
ថយ | ទំព័រទី ១៣ | បន្ទាប់