[១៥១​] អធិប្បាយ​ពាក្យ​ថា មិន​មាន​អាសវៈ ទ្រង់​លះបង់​ទុក្ខ​ទាំងពួង​ហើយ ត្រង់​ពាក្យ​ថា មិន​មាន​អាសវៈ​ សេចក្តី​ថា អាសវៈ​ ៤ គឺ កាមាសវៈ​ ១ ភវាសវៈ​ ១ ទិដ្ឋាសវៈ ១ អវិជ្ជា​សវៈ ១។ អាសវៈ​ទាំងនោះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ​បាន​លះបង់ គាល់​រំ​លើ​ងឫសគល់ ធ្វើឲ្យ​មានតែ​ទីនៅ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន មិន​ឲ្យ​មាន​កិរិយា​កើត​តទៅ​ជា​ធម្មតា​ ហេ​តុ​នោះ​ ព្រះពុទ្ធ​ឈ្មោះថា​ មិន​មាន​អាសវៈ។ ពាក្យ​ថា ទ្រង់​លះបង់​ទុក្ខ​ទាំងពួង​ហើយ សេចក្តី​ថា​ ជាតិទុក្ខ​ ជរាទុក្ខ​ ព្យាធិទុក្ខ​ មរណទុក្ខ​ សោក​ទុក្ខ​ បរិទេវ​ទុក្ខ ទោ​មនស្សុ​បាយាស​ទុក្ខ។បេ។ ទិដ្ឋិ​ព្យសន​ទុក្ខ​ទាំងពួង ដែល​ប្រកបដោយ​បដិសន្ធិ​ ព្រះពុទ្ធ​នោះ​ បាន​លះបង់​ កាត់ផ្ដាច់​ រម្ងាប់​បង់ ធ្វើ​មិន​ឲ្យ​កើត​វិញ​ បាន​ដុត​ដោយ​ភ្លើង​ គឺ​ ញាណ​ហើយ ហេ​តុ​នោះ​ ព្រះពុទ្ធ​ឈ្មោះថា​ មានទុក្ខ​ទាំងពួង​លះបង់​ហើយ។
 [១៥២​] ពាក្យ​ថា មាន​ព្រះ​នាម​ដ៏​ទៀង​ទា​ត់​ ក្នុង​បទ​ថា មាន​ព្រះនាម​ដ៏​ទៀង​ទា​ត់​ ខ្ញុំ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ប្រសើរ​រួចហើយ​ សេចក្តី​ថា​ ព្រះពុទ្ធ​មាន​ព្រះ​នាម​ដ៏​ទៀង​ទា​ត់​ដូច​គ្នា។ គឺ​ ព្រះ​វិបស្សី ព្រះនាម​ថា​ភគវា ព្រះ​សិខី ព្រះនាម​ថា​ភគវា ព្រះ​វេស្សភូ ព្រះនាម​ថា​ភគវា​ ព្រះ​កកុស​ន្ធៈ​ ព្រះនាម​ថា​ភគវា​ ព្រះ​កោនាគមនៈ​ ព្រះនាម​ថា​ភគវា ព្រះ​កស្ស​បៈ​ ព្រះនាម​ថា​ភគវា ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​ សឹង​មាន​ព្រះនាម​ដូចគ្នា មាន​ព្រះនាម​ដ៏​ទៀង​ទា​ត់​ស្មើគ្នា។
ថយ | ទំព័រទី ១៣៣ | បន្ទាប់