ពាក្យ​ថា លះបង់​បុគ្គល​ទាំងឡាយ ដែល​មានការ​ឃើញ​តិច សេចក្តី​ថា​ ពាវ​រី​ព្រាហ្មណ៍​ណា និ​ង​ពួក​ជន​ដទៃ​ណា ជា​អាចារ្យ​របស់​ពាវ​រី​ព្រាហ្មណ៍​នោះ​ បើ​ប្រៀបផ្ទឹម​នឹង​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទៅជា​អ្នកមាន​ការ​ឃើញ​តិច​ មានការ​ឃើញ​ស្តួច​ស្ដើង​ មានការ​ឃើញ​ថោកថយ មានការ​ឃើញ​ឱនថយ មានការ​ឃើញ​លាមក មានការ​ឃើញ​អា​ក្រ​ក់។ ខ្ញុំ​លះបង់​ បោះបង់ កន្លង​ កន្លង​បង់​ នូវ​ព្រាហ្មណ៍​ទាំងនោះ​ ដែល​មានការ​ឃើញ​តិច​ មានការ​ឃើញ​ស្ដើង​ស្តួច មានការ​ឃើញ​ថោកថយ មានការ​ឃើញ​ឱន​ថយ​ មានការ​ឃើញ​លាមក​ មានការ​ឃើញ​អាក្រក់ មក​ចួប​ប្រសព្វ​បាន​ចំពោះ​នូវ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ទ្រង់​ឃើញ​ដ៏​លើស ទ្រង់​ឃើញ​ដ៏​ប្រសើរ​ ទ្រង់​ឃើញ​វិសេស​ ទ្រង់​ឃើញ​ឧត្តម ព្រះអង្គ​ជា​បុគ្គល​ប្រសើរ រក​បុគ្គល​ស្មើ​មិន​មាន​ ព្រះអង្គ​ស្មើដោយ​ព្រះពុទ្ធ ដែល​មិន​មាន​បុគ្គល​ស្មើ គ្មាន​ចំណែក​ប្រៀប មិន​មាន​បុគ្គល​ប្រៀប ទ្រង់​ជា​ទេវ​តា​វិសេស​ជាង​ទេវតា​ ទ្រង់​ជា​នរា​សភៈ​ ជា​បុរិស​សីហៈ​ ជា​បុរិស​នាគ ជា​បុរស​អាជានេយ្យ ជា​បុរិ​សនិស​ភៈ​ ជា​អ្នកនាំ​ទៅ​នូវ​ធុរៈ​របស់​បុរស​ ជា​ទសពល ជាតា​ទិ​បុគ្គល។
ថយ | ទំព័រទី ១៣៦ | បន្ទាប់