[១៧៦] ពាក្យថា អំពីព្រះគោតម មានប្រាជ្ញាដូចផែនដី សេចក្តីថា ប្រថពី លោកហៅថា ផែនដី។ ព្រះមានព្រះភាគ ទ្រង់ប្រកបដោយប្រាជ្ញាស្មើដោយផែនដីដ៏ធំទូលាយនេះ។ ប្រាជ្ញា លោកហៅថា មេធា បានដល់ ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ។ ព្រះមានព្រះភាគ ប្រកប ប្រកបព្រម ចូលទៅជិតដល់ ចូលទៅជិតដល់ព្រម ដល់ស៊ប់ ដល់ស៊ប់ព្រម រួបរួមដោយមេធា គឺប្រាជ្ញានេះ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានប្រាជ្ញាដូចផែនដី។ ហេតុនោះ (ព្រាហ្មណ៍ពោលថា) អំពីព្រះគោតម មានប្រាជ្ញាដូចផែនដី។ ហេតុនោះ ពាវរីព្រាហ្មណ៍នោះពោលថា
បពិត្រព្រះបិង្គិយៈ ចុះលោកម្ចាស់ ធ្លាប់ឃ្លាតអំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ អំពីព្រះគោតម មានប្រាជ្ញាដូចផែនដីនោះ សូម្បីមួយរំពេចដែរឬ។
[១៧៧] ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់លោកម្ចាស់ ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។
[១៧៧] ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់លោកម្ចាស់ ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។
