[២២​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) សត្វលោក​មាន​សេចក្តី​រីករាយ​ជា​គ្រឿង​ចងទុក​ សេចក្តី​ត្រិះរិះ​ទាំងឡាយ​ ជា​គ្រឿង​ត្រាច់​ទៅ​របស់​សត្វលោក​នោះ ដែល​លោក​ពោល​ថា​ និព្វាន ព្រោះ​ការ​លះ​តណ្ហា​បាន។

 [២៣​] ពាក្យ​ថា សត្វលោក​មាន​សេចក្តី​រីករាយ​ជា​គ្រឿង​ចងទុក សេចក្តី​ថា តណ្ហា លោក​ហៅថា​ សេចក្តី​រីករាយ បានខាង​សេចក្តី​ត្រេកត្រអាល​ ការ​ត្រេកត្រអាល​ខ្លាំង។បេ។ ការ​សំឡឹង​រំពៃ​ (ទ្រព្យ​អ្នកដទៃ​) លោភៈ អកុសលមូល។ សេចក្តី​រីករាយ​ណា​ ដែល​ជា​គ្រឿង​ប្រកប​ព្រម​ ជា​គ្រឿង​ជាប់ ជា​គ្រឿង​ចង ជា​ឧបក្កិលេស​នៃ​លោក សត្វ​លោក​ប្រកប ប្រកប​សព្វ​ ប្រកប​ទួទៅ​ ផ្សំ​ ជាប់​ ទាក់​ ចំពាក់​ ដោយ​សេចក្តី​រីករាយ​នេះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សត្វលោក​មាន​សេចក្តី​រីករាយ​ជា​គ្រឿង​ចងទុក​។
 [២៤​] ពាក្យ​ថា​ សេចក្តី​ត្រិះរិះ​ទាំងឡាយ ក្នុង​បទ​ថា​ សេចក្តី​ត្រិះរិះ​ទាំងឡាយ ជា​គ្រឿង​ត្រាច់​ទៅ​របស់​សត្វលោក​នោះ បាន​ដល់​សេចក្តី​ត្រិះរិះ​ ៩ គឺ​សេចក្តី​ត្រិះរិះ​ក្នុង​កាម សេចក្តី​ត្រិះរិះ​ក្នុង​ព្យាបាទ​ សេចក្តី​ត្រិះរិះ​ក្នុង​វិហឹសា សេចក្តី​ត្រិះរិះ​ក្នុង​ញាតិ សេចក្តី​ត្រិះរិះ​ក្នុង​ជនបទ សេចក្តី​ត្រិះរិះ​ក្នុង​ការ​មិន​ស្លាប់ សេចក្តី​ត្រិះរិះ​ប្រកប​ចំពោះ​ដោយ​ភាព​នៃ​សេចក្តី​អាណិត​ដល់​ជន​ដទៃ សេចក្តី​ត្រិះរិះ​ប្រកប​ចំពោះ​ដោយ​លាភសក្ការៈ​ និង​សេចក្តី​សរសើរ
ថយ | ទំព័រទី ១៦ | បន្ទាប់